ប្រដាល់ ៖ ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao រដូវកាលទី៨ ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEA TV កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដែលជាការប្រកួត ជុំដំបូងរបស់អ្នកប្រដាល់កម្ពុជាលាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ និងតាញ់មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិនោះ ពួកគេទាំងពីររកបាន៣ពិន្ទុដូចគ្នា។
លាភ រដ្ឋា គេបានប្រើពេលមិនដល់មួយទឹកនោះទេ ផ្ដួលអ្នកប្រដាល់ថៃDek Deur ឲ្យ ចុះចាញ់ក្នុងទឹកទី១។ Dek Deur ត្រូវ រដ្ឋា ដាល់ចំមុខដួលដាច់ផ្ងារក្រោយ ត្រូវអាជ្ញាកណ្ដាលរាប់ដល់៨ បានបន្តការប្រកួតទៀត។ តែបន្ទាប់ពីបន្តការប្រកួតមិនបានមួយដង្ហើមចង្រិតផង Dek Deurក៏ត្រូវ លាភ រដ្ឋា ដាល់ឲ្យដួលមួយលើកទៀត។ ដោយសារមើលDek Deur នៅវង្វេងនៅឡើយ លោកអាជ្ញាកណ្ដាលយឹម សុខុម ក្រោយពីដល់៨ ក៏បញ្ឈប់អ្នកប្រដាល់ថៃនេះ លែងឲ្យប្រកួតតែម្តង ហើយផ្តល់ជ័យជម្នះឲ្យទៅ លាភ រដ្ឋា។
ចំពោះ តាញ់ មករា គេបានប្រកួតឈ្នះអ្នកប្រដាល់ថៃBanda Sak ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ តាញ់ មករា ឈ្នះBanda Sak ដាច់៥សូន្យតែម្តង ពោលគឺចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុឲ្យគេឈ្នះទាំង៥រូប។
មករា គេនៅក្នុងទឹកទី២ គេក៏ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តងដែរ ដោយត្រូវBanda Sak ដាល់ចំមុខដួលបះជើង តែបន្ទាប់ពីរាប់នោះ តាញ់ មករា គេបន្តការប្រកួតដោយវាយសម្រុកទៅលើBanda Sak ជាប់រហូតដល់ចប់ទឹកទី៥ និងបានឈ្នះដោយពិន្ទុនោះ។
ជាមួយនឹងជ័យជម្នះនេះ ទាំងតាញ់ មករា និង លាភ រដ្ឋា គឺយកគេទាំងពីររកបាន៣ពិន្ទុដូចគ្នា សម្រាប់ការប្រកួតជម្រុះខ្សែក្រវាត់ជើងឯកCarabao រដូវកាលទី៨ ទម្ងន់៥៧គីឡូក្រាមលើកដំបូងរបស់ខ្លួន។ ចំណែក Dek Deur និង Banda Sak ទទួលបាន១ពិន្ទុម្នាក់។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ប្រកួតស្មើជាមួយ ចេង គា អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ។ សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ បានចាញ់ ប្រាក់ ឌីណា អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធក្នុងទឹកទី៣ ដោយសារតែគេបំពានលើគូប្រកួតដោយទាត់ចំពងរបស់ សល់ ឌីណា ធ្វើឲ្យ ឌីណា ចុកដួលលែងក្រោក ហើយអាជ្ញាកណ្ដាលក៏ពិន័យឲ្យសយ សុខ ចាញ់តែម្តង។
•ចៅ ផលឌឿ វាយឈ្នះបារាំងទឹក២ ខណៈ ពុទ្ធ ឆាយរិទ្ធី ចាញ់ថៃដោយពិន្ទុ
ចៅ ផលឌឿ អ្នកប្រដាល់ជើងចាស់ក្លិបសំរោងកោងកីឡាមកពីខេត្តបាត់ដំបង បានវាយឈ្នះអ្នកប្រដាល់បារាំងAdbuol ក្នុងទឹកទី២ ក្នុងការជួបប្រកួតគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិ នាយប់ថ្ងៃទី១៩ខែមករា ឆ្នាំ២០១៩ នៅលើសង្វៀនGanzberg Top Fighter របស់SEATV។
ចៅ ផលឌឿ បានប្រើស្នៀតទាត់ជើងក្រោមរបស់ Adbuol ឲ្យដួលជាច្រើនលើកមួយទឹកទី២នេះ។ អាជ្ញាកណ្ដាលរាប់ Adbuol ដល់៨ ពីរលើក និងដួលលើកទី៣ អាជ្ញាកណ្ដាល ក៏បញ្ឈប់អ្នកប្រដាល់បារាំងនេះ លែងឲ្យប្រកួតតែម្តង។
ចំពោះ ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា បានវាយចាញ់អ្នកប្រដាល់ថៃ Phat Phiksanouk ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ ឆាយរិទ្ធ វាយសម្រុកទៅលើ Phat Phiksanouk ខ្លាំងណាស់ដែរ ប៉ុន្តែភាគច្រើនវាយខុសគោលដៅ ហើយគេក៏រាងទន់ខ្សោយកម្លាំងជាងអ្នកប្រដាល់ថៃផងដែរ ទើបចាញ់ពិន្ទុ Phat Phiksanouk នោះ។
ចំណែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ វ៉ែន សុវណ្ណ អ្នកប្រដាល់ជើងចាស់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ត្រូវអ្នកប្រដាល់ជើងចាស់ដូចគ្នា នន់ ជំនិត ក្លិបស្វាយរលំឫទ្ធីជ័យ វាយឲ្យសន្លប់ក្នុងទឹកទី២ ខណៈដែល ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវ ចាន់ សាន់ ក្លិបនិរោធមានជ័យ វាយឲ្យសន្លប់ក្នុងទឹកទី៤៕
Source: Kampuchea Thmey Daily
0 Comments