Ad Code

សមត្ថកិច្ច​ បង្ក្រាប​មុខសញ្ញា​ចាប់​មនុស្ស​បង្ខាំង​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​



​កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់ ​ដែល​បាន​ចាប់​កុមារ​បង្ខាំង​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឫស្សី​កែវ និង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ចំណុច​ផ្ទះសំណាក់​តារា​វង្ស ដែល​ស្ថិត​នៅ​ក្នុង​ភូម​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​
​ ​
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុខសញ្ញា​ជនល្មើស​ខាងលើនេះ​បាន​ចាប់​ក្មេង​បង្ខាំង​ក្មេង​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ ចំនួន​២.០០០​ដុល្លារ និង​ទារ​យកបាន​សម្រេច​ចំនួន​៥០០​ដុល្លារ នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​មួយ​កន្លែង ​ស្ថិតក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ។

ករណីនេះ​ ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ឯកសារ​ព័ត៌មាន ​និង​រូបថត​ជនសង្ស័យ សមត្ថកិច្ច​បាន​សហកា​រ​គ្នា​ចុះ​ស្រាវជ្រាវ នៅផ្ទះ​សំណាក់​តារា​វង្ស ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មុខសញ្ញា​កំពុង​ស្នាក់នៅ ហើយ​ចាប់​ក្របួច​រូបគេ​បានតែ​ម្តង​។

ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នេះ មាន ឈ្មោះ ស្រេង បុរី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កូន​ក្អែក​១ ឃុំ​របោះ​មង្គល ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង សព្វ​ថ្ងៃ​មាន​ទី​លំនៅ​មិន​ពិតប្រាកដ។​
​ ​
សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​ចាប់​មនុស្ស​ជំរិត​ទារ​ប្រាក់ ជនសង្ស័យ​បាន​លួងលោម ជនរងគ្រោះ ឈ្មោះ​ ឈុន សុវណ្ណ​រ័ត្ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទំ​លំនៅ​ភូមិ​ចោមចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​ជនរងគ្រោះ​ចេញពី​សាលារៀន ឈប់​ចាំ​ជិះ​រថយន្តក្រុង នៅ​ចំណត​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ដោយ​ជនសង្ស័យ​ បាន​ចាប់​បង្ខាំង​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​ពី​ឪពុកម្ដាយ​កុមារ​រងគ្រោះ ចំនួន​២០០០​ដុល្លារ ដោយ​ទារ​យកបាន​សម្រេច​ចំនួន​៥០០​ដុល្លារ ទើប​ដោះលែង​កុមារ​រងគ្រោះ​ឲ្យ​ទៅ​ផ្ទះ​វិញ។ បន្ទាប់មក​ ជនសង្ស័យ​បាន​គេច​ខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅ​ផ្ទះ​សំណាក់​ខាងលើនេះ​។​
​ ​
ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ប្រគល់​ជូន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu