ភ្នំពេញ ៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម និងសិប្បកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារ ឆ្នាំ២០១៩បន្ទាប់ពីដំណើរការអស់រយៈពេល០៣ ថ្ងៃ នោះលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធបានថ្លែងនូវអំណរអរគុណនិងគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការ(UNIDO)ដែលបានជួយដល់កម្ពុជាលើជំនាញបណ្តុះបណ្តាលសម្រាប់សមត្ថភាពស្ថាប័នព្រមទាំងជួយជាថវិកាកសាងការិយាល័យដល់ក្រសួងក្នុងពេលសន្និបាត។
លោកកិត្តិសេដ្ឋាបណ្ឌិតថ្លែងបែបនេះ ខណៈអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៣ថ្ងៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារ ឆ្នាំ២០១៩នៅទីស្តីការក្រសួងដែលទើបនឹងបញ្ចប់នេះ។
មានប្រសាសន៍បិទនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានវាយតម្លៃខ្ពស់នូវភាពជោគជ័យនៃការប្រារព្ធពិធីសន្និបាត រយៈពេល០៣ថ្ងៃ ប្រកបដោយភាពរលូនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបង្ហាញនូវលទ្ធផលវិជ្ជមានជាច្រើន ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រោមឱវាទទាំងអស់ ដែលធ្វើឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដើរតួរកាន់តែសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឈានដល់ដំណោះស្រាយ និងការផ្តល់មតិណែនាំជាក់ស្តែងក្នុងអង្គសន្និបាត លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកបទអន្តរាគមន៍ពីបណ្តាតំណាងក្រសួង ស្ថាប័នពាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាពីបណ្តា អង្គការសមាគមន៌នានា គឺជាធាតុចូលដ៏សំខាន់ដែលបានស្នើឲ្យសមាជិកអង្គសន្និបាតយកចិត្តទុកដាក់ និងពង្រឹងកិច្ចសហការឲ្យបានជិតស្និទ្ធលើការងារពាក់ព័ន្ធនិងជំនាញរបស់ខ្លួន។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណផងដែរ ដល់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ប្រចាំកម្ពុជា ដែលបានផ្តល់សម្ភារៈបច្ចេកទេស និងការិយាល័យដល់ក្រសួងក្នុងកំឡុងពេលសន្និបាតនេះ ក្នុងចំនួនទឹកប្រាក់ជាង ៣៩.០០០ដុល្លារអាមេរិក ដើម្បីលើកកំពស់សមត្ថភាពស្ថាប័ន និងការផ្តល់សេវាដល់សហគ្រាស និងរោងចក្រ។
ទាក់ទងនិងការលើកឡើង ដែលជាសំណូមពរ និងជាកង្វល់របស់មន្ទីរជុំវិញខេត្តរាជធានី លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដោះស្រាយ និងណែនាំការងារជាក់ស្តែងជាច្រើនដោយក្នុងនោះការងារសំខាន់ដែលលោកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់ គឺការជំរុញលើកកំពស់វិស័យទឹកស្អាត-វិស័យស្តង់ដារផលិតផល - វិស័យមាត្រាសាស្ត្រ - ការកៀងគរនិងណែនាំឲ្យបណ្តាសហគ្រាសខ្នាតតូចនិងមធ្យមមកចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ឲ្យបានច្រើនជាអតិបរមា-ការថែរក្សាផ្ទៃដីស្រែផលិតអំបិល និងបញ្ចូលជាតិអ៊ីយ៉ូតក្នុងអំបិល-ពង្រឹងប្រសិទ្ធភាពការចុះធ្វើអធិការកិច្ចតាមបណ្តារោងចក្រសហគ្រាស និងជម្រុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាដើម។
ជាទីបញ្ចប់អង្គសន្និបាតក៏មានរៀបចំពិធីប្រគល់ទទួលកំព្យូទ័រ Destop ចំនួន៤២ គ្រឿង កុំព្យូទ័រ Labtop ចំនួន០២ គ្រឿង ម៉ាស៊ីនព្រីនធ័រ និង ស្កេននើ សរុបចំនួន៤៤ គ្រឿង ដែលជាអំណោយរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជូនដល់អគ្គនាយកដ្ឋាន អគ្គារធិការ វិទ្យាស្ថានក្រោមឱវាទក្រសួង និងខុទ្ទកាល័យ ព្រមទាំងប្រគល់ឧបករណ៍មាត្រាសាស្ត្រមួយចំនួន ដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្មផងដែរ។ ក្នុងឱកាសសន្និបាតនេះ ក៏មានការប្រគល់ព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សាក្រសួងមួយចំនួនទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments