Ad Code

ប៉ូលិស​ក្រុង​តូ​ក្យូ​ធ្វើ​អត្តឃាត ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​រថយន្ត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ



ប៉ូលិស​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​និយាយ​ថា ប៉ូលិស​ក្រុង​តូក្យូ​កំពុង​ស៊ើបអង្កេត​លើ​ការ​ធ្វើអត្តឃាត​របស់​ម​ន្ត្រី​ម្នាក់ ​ដែល​ទទួលខុសត្រូវ​គ្រប់គ្រង​ចរាចរណ៍​នៅ​ជិត​កន្លែង​កើតហេតុ​ នៃ​ការវាយប្រហារ​ដោយ​រថយន្ត​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៩​នាក់​រងរបួស​។​

ក្នុងការ​វាយប្រហារ​នៅ​សង្កាត់ Harajuku ដ៏​ល្បីល្បាញ​របស់​ទីក្រុង​តូ​ក្យូ​, ជនសង្ស័យ​អាយុ​២១​ឆ្នាំ​ម្នាក់​ឈ្មោះ Kazuhiro Kusakabe បាន​បើកឡាន​បុក​ចូល​ហ្វូងមនុស្ស​ដោយ​ធ្វើ​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​
​យោងតាម​ប៉ូលិស​ក្រុង​តូ​ក្យូ​បាន​ឲ្យ​ដឹងថា មួយថ្ងៃ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ មន្ត្រី​អាយុ​៣៦​ឆ្នាំ​ម្នាក់​មកពី​នាយកដ្ឋាន​ចរាចរណ៍​ក្នុងស្រុក​ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅក្នុង​បន្ទប់ក្រោមដី​នៃ​ប៉ុស្តិ៍​ប៉ូលិស Harajuku​។​

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​តូ​ក្យូ​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ចន្ទ​ថា “​មន្ត្រី​បាន​ហូរឈាម​ចេញពី​ក្បាល​របស់គាត់​។ គាត់​មាន​កាំភ្លើង​នៅ​ដៃ​ខាងស្តាំ​របស់គាត់​ហើយ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​កាំភ្លើង​”​។​

លោក​បាន​និយាយ​បន្ថែម​ដោយ​មិន​លម្អិត​ថា “​យើង​កំពុង​ស៊ើបអង្កេត​ថា​តើ​រឿងនេះ​កើតឡើង​ដោយសារ​អ្វី​”​។​

ទូរទស្សន៍ NHK បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​ប៉ូលិស​ថា មន្ត្រី​រូបនេះ​គឺជា​អ្នកទទួលខុសត្រូវ​លើ​ការត្រួតពិនិត្យ​ចរាចរណ៍​នៅ​ជិត​សង្កាត់​ដែល​ការវាយប្រហារ​បានកើត​ឡើង​អំឡុងពេល​ចូលឆ្នាំថ្មី​។​

ទូរទស្សន៍​នេះ​បាន​និយាយថា ប៉ូលិស​រូបនេះ​បាន​រង​ការយាយី​នៅ​កន្លែងធ្វើការ​ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា គាត់​បាន​បន្សល់ទុក​នូវ​កំណត់ហេតុ​អត្តឃាត​មួយ​ដោយ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ខ្លឹមសារ​របស់​វា​។​

អ្នក​វាយប្រហារ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បើកឡាន​មកពី​ទីក្រុង Osaka ភាគ​ខាងលិច​គឺ​ត្រូវបាន​ចាប់ខ្លួន​ដោយ​សង្ស័យ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu