Ad Code

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​ពាក្យ​ស្នើសុំ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ពី​សំណាក់​ក្រុម​មេធាវី



ភ្នំពេញ ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្មីៗ​នេះ​បាន​ចេញ​ដីកា​សម្រេច​មួយ ដោយ​បដិសេធ​ពាក្យ​ស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​សិទ្ធិ​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅកាន់​តុលាការ ដើម្បី​សុំ​ទម្លាក់​បទចោទប្រកាន់​លើ​លោក កឹម សុខា នេះ​បើ​យោងតាម​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

តាម​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ដោយ​លោក គី ប្ញ​ទ្ធី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា “​បដិសេធ​ពាក្យស្នើសុំ ចុះ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ៥​រោច ខែ​មិគសិរ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា​”​ហើយ​ការសម្រេច​បែបនេះ ដោយ​យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​កឹម សុខា ត្រូវ​បាន​តំណាង​អយ្យកា​រដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រ​៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ដាក់​សំណើ​ជាថ្មី​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោង​តាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ តែ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​វេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ការ​ដោះលែង​លោក កឹម សុខា ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិន​ត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ​ឬ ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិន​ត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu