Ad Code

វាយ​ស្ត្រី​ម្នាក់​រយះ​ក្បាល ចុងក្រោយ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជូន​រង្វាន់​កងដៃ​



ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់​ បែក​ក្បាល​រយះ​ហូរ​ឈាម ខណៈ​កំពុង​ចេញ​មក​ឈរ​ទិញ​ទឹកអំពៅ ក៏មាន​ជម្លោះ​រវាង​អ្នកលក់​ឥវ៉ាន់​ឲ្យ​ម៉ូយ ឈាន​ទៅដល់​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​០៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​បើតាម​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ ជនរងគ្រោះ បាន​និង​កំពុង​ឈរ​ទិញ​ទឹកអំពៅ​នៅ​កន្លែង​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ជេរប្រមាថ​ជនរងគ្រោះ ពី​រឿង​ដែល​ជនរងគ្រោះ​លក់​ឥវ៉ាន់​ឲ្យ​ម៉ូយ​ម្នាក់ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ពេលនោះ​ស្ត្រី​រងគ្រោះ និង​ជនសង្ស័យ​បាន​ឈ្លោះ​ប្រកែក​គ្នា ក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​បាន​ប្រហែលជា​៣០​ម៉ែត្រ ក៏​ជិះ​បក​ត្រឡប់មកវិញ ឈប់​ម៉ូតូ​នៅ​ជិត​ជនរងគ្រោះ រួច​ទាញយក​ច្រវាក់​ចាក់​ម៉ូតូ​របស់​ខ្លួន មក​វាយ​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ខាងឆ្វេង រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ មួង វ៉េង អាយុ​៤៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៦០ ផ្លូវ​លេខ​០៥ ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សី​កែវ​។ ក្រោយ​កើតហេតុ​ អ្នករងគ្រោះ បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឫស្សីកែវ ដើម្បីឲ្យ​សមត្ថកិច្ច​ជួយ​ចាត់​ចំណាត់​ការ​អន្តរាគមន៍​គ្រា​ដែល​ជនសង្ស័យ​បាន​មក​វាយ​ខ្លួន​យ៉ាងនេះ​។

ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ លុះ​មកដល់​ថ្ងៃទី​០៧​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ ក្នុង​វេលា​ម៉ោង​០១​និង​០០​នាទី រំលង​អធ្រាត្រ ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​រដ្ឋ​មូលដ្ឋាន បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ និង​បាន​ដកហូត​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-2019 រួម​ជា​មួយ​នឹង​ច្រវាក់​មួយ​ខ្សែ ពណ៌​ខៀវ ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​សកម្មភាព​បទល្មើស​។​

​ជនសង្ស័យ​ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ ​ឈ្មោះ មុត រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខ​របរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​លេខ​០៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ​។

បច្ចុប្បន្ន​ ជនសង្ស័យ​រូបនេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ​ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដើម្បី​សួរ​យក​ចម្លើយ និង​កសាង​សំណុំរឿង ​បញ្ចូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu