ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ០១នាក់ ឈ្មោះ សុខ មាន ហៅមិន ភេទប្រុស អាយុ៣៤ឆ្នាំ ចូលគុកព្រៃសថ្ងៃនេះ ក្រោយតុលាការឃុំខ្លួន។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទីព្រឹក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ មានឈ្មោះ ដូចរៀបរាប់ ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ ភ្នំពេញ 1BG-2759 ជារបស់ជនរងគ្រោះ ឈ្មោះ ឌី ម៉ៅ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅចំណុច ម្តុំយឿត្រី ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពបន្តថា តាមការសួរចម្លើយ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានដើរទៅម្តុំយឿត្រី ដើម្បីទៅសុំលុយពីបងធម៌របស់ខ្លួន ក្រោយពេលត្រលប់មកវិញ ក៏ឃើញម៉ូតូ ០១គ្រឿង ខាងលើ ចតទុកចោល គ្មានម្ចាស់នៅក្បែរ រូបគេបានដើរទៅអង្គុយលើ ម៉ូតូនោះ ហើយបានយកសោមួយចង្កោម ដែលរូបគេត្រៀមទុកសម្រាប់លួចកាច់ ក ម៉ូតូ បំរុងចាក់កាច់ ក ម៉ូតូ ជនរងគ្រោះ ខាងលើ តែត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ ឃើញបានស្រែកឆោឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅ ដែលកំពុងល្បាតក្នុងភូមិសាស្ត្រនោះ ឃើញបានចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។ រូបគេបានបញ្ជាក់ទៀតថា កន្លងមកធ្លាប់ធ្វើសកម្មភាពលួចកង់ និងកាបូបរបស់ប្រជាពលរដ្ឋនៅម្តុំមុខវាំងបានសម្រេចចំនួន ០៣លើក៕
Source: Kampuchea Thmey Daily
0 Comments