ភ្នំពេញ ៖ កាលពីរសៀលថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង)។
ពិធីនេះប្រព្រឹត្តឡើង ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង តំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្រុមហ៊ុន ILSUNG-CIENCOI ក្រុមហ៊ុន OBAYASHI Corporation និង តំណាង ក្រុមហ៊ុនTEKKEN-IKEE Joint Venture។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាលនេះ មានប្រវែងសរុប ១១០,៩០គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង ទទឹងប្រវែង ២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូ AC កម្រាស ១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល សាងសង់ស្ពានថ្មី ចំនួន ៨កន្លែង ស្ថាបនាស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្តចំនួន ៦ស្ថានីយ ស្ថាបនាលូរំដោះទឹកភ្លៀងចំនួន៩០កន្លែង និងលូប្រអប់ ចំនួន ៧៨កន្លែង គ្រោងចំណាយទឹកប្រាក់សរុប ចំនួន ២៤៣,៧៤លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេលប្រមាណ ៤២ខែ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនម៉ៅការសាងសង់ដាក់ផ្លាកសញ្ញាសុវត្ថិ ភាពឱ្យបានត្រឹមត្រូវនៅតាមការដ្ឋានសាងសង់ផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ ចំពោះអ្នកធ្វើដំណើរ និងបានសំណូមឱ្យក្រុមហ៊ុនទាំងបី ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងក្រុមហ៊ុន ប្រឹក្សាយោបល់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាព និងសុវត្ថិភាពនៃការសាងសង់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលផ្តល់កម្ចីឥណទានសម្បទាន និងជំនួយបច្ចេកទេស តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវដ៏សំខាន់នេះ សំដៅរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments