ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង១០ នាទី ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាប់ផ្តើមបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលកិច្ចពិគ្រោះយោបល់នេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលសរុបទាំងអស់ប្រមាណ៥០០នាក់។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងសុន្ទរកថាបើក ដោយផ្តោតទាំងស្រុងលើវត្តមាន និងការរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងស្រុក នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានចំនួនសរុប៣៨៦។
គួរកត់សម្គាល់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិរៀបចំឡើង ក្នុងគោលបំណងផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស៕
Source: Kampuchea Thmey Daily
0 Comments