Ad Code

​មហាជន​ប្រមាណ​ជាង ៦ ម៉ឺន​នាក់​ចូលរួម​មិ​ទ្ទិ​ង​អបអរ​ខួប​ជ័យជម្នះ​៧​មករា​ដែលជា​ថ្ងៃកំណើត​ទី​២



ភ្នំពេញ ៖ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៦ម៉ឺន​នាក់​ បាន​ធ្វើ​ដំណើរ​យ៉ាង​រួសរាន់​ជាមួយ​ទឹកមុខ​ស្រស់ ស្រាយ​ធ្វើដំណើរ​ជា​ក្រុមៗ​បាន​មក​ជួបជុំគ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រារព្ធ​មហា​មិ​ទ្ទីង​អបអរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ​៧​មករា (៧.១.១៩៧៩, ៧.១.២០១៩)​។ កាលពី​៤០ ឆ្នាំមុន​នៅ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ ១៩៧៩ របប​ប្រល័យពូជសាសន៍​ប៉ុលពត​ត្រូវបាន​ផ្តួលរំលំ​ដោយ​កម្លាំង​មហា​សាមគ្គី​ជាតិ​នៃ​ប្រជាជន​យើង​ដែល​បាន​ក្រោកឈរ​ប្រយុទ្ធ​យ៉ាង​អង់អាច​បំផុត​ដើម្បី​សេរីភាព និង ការ​រស់រានមានជីវិត​របស់​ខ្លួន​ក្រោម​ការដឹកនាំ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប​ដែល​ធ្វើ​ឲ្យ​យើង​មាន​អ្វី​អ្វី​គ្រប់យ៉ាង​នៅ​ថ្ងៃ​នេះ​នឹង​មាន​នូវ​ការ​ជឿជាក់​ចំពោះ​អនាគត​ដ៏​រុងរឿង​របស់​ខ្លួន។ ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​កត់ត្រា​ទុកជា​រៀង​រហូត​នៅក្នុង​ការ​ចងចាំ​របស់​ប្រជាជន​កម្ពុជា​គ្រប់​គ្រប់រូប​គ្រប់​គ្រប់​ជំនាន់​ដែល​ស្រឡាញ់​សន្តិភាព​សេរីភាព​និង​យុត្តិធម៌​។



នៅ​ម៉ោង ៧ គត់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​និង ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្ថិត​នៅ​លើ​រថយន្ត​ពណ៌​ខ្មៅ​បើក​ដំបូង​ធ្វើដំណើរ​ជុំវិញ​ទីលាន​បាល់ទាត់​ដើម្បី​បង្ហាញ​ការ​ស្វាគមន៍​សួរសុខទុក្ខ​ចំពោះ​សមាជិក​អង្គ​មិ​ទ្ទីង​ជាមួយ​សម្លេង ជ័យ​ឃោ​គ និង ការ​ស្វាគមន៍​ពី​អង្គ​មិ​ទ្ទីង​ទាំងមូល​។



អង្គ​មិ​ទ្ទីង​បាន​ចាប់​ផ្តើម​ជាមួយ​របាំ​ផ្ការំដួល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​បាន​បង្ហាញ​នូវ​ទស្សនីយភាព​ដ៏​រស់​រវើក​ជាមួយ​បទ​ចំរៀង​ដែល​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្ត្រ​ចតុកោណ ដែល​មាន​ការចូលរួម​សំដែង​ដោយ​សិល្បៈករ សិល្បៈការិនី ប្រមាណ ៦០០ នាក់​មកពី​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ នៃ​ក្រសួង​វប្ប​ធ៌​ម និង វិចិត្រសិល្បៈ ។

មហា​មិ​ទ្ទីង​នា​ពេល​នេះ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​លោកជំទាវ ,​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា​មន្ត្រីរាជការ កងកម្លាំង ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ភ្ញៀវ​ជាតិ អន្តរជាតិ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។ ដោយឡែក​គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្តល់​យោបល់​ដែល​ជា​គណបក្ស​ដែល​បាន​ចូលរួម​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ ចូលរួម​ផង​ដែរ។ ចំណុច​នេះ​បាន​បង្ហាញថា​ពួកគេ​បាន​ទទួល​ស្គា​ល់ពី​ជ័យជម្នះ ៧​មករា ដែល​ជា​ថ្ងៃ​ផ្តល់​កំណើត​ទី​២ ដល់​ប្រជាជន​កម្ពុជា និង ដោយសារ​ថ្ងៃ ៧ មករា នេះហើយ​ទើប​មាន​អ្វីៗ​នៅថ្ងៃនេះ ដែល​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​ពួកគេ ត្រូវ​តែ​ទទួល​ស្គាល់ និង ចូលរួម​អបអរសាទរ​។



នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​ការរៀបចំ​ទិវា​រម្លឹក​ថ្ងៃ​ចងចាំ​របស់​ប្រជាជន​កម្ពុជា​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​រំដោះខ្លួន​ពី​ការ​កាប់​សម្លាប់​ប្រល័យពូជសាសន៍​ដោយ​របប​ប៉ុលពត ក្នុង រយៈពេល ៣ ឆ្នាំ ៨​ខែ និង​២០ ថ្ងៃ​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​រហូតដល់​ទៅ ១១ ទំព័រ​ទៅកាន់​អង្គពិធី​ដោយ​បាន​ចាប់ផ្តើម​ថា​ថ្ងៃនេះ​យើង​ប្រារព្ធ​ពិធី​ដ៏​មហោឡារិក​នេះ​ឡើង ដើម្បី​រំលឹក​នូវ​ការ​ចងចាំ​មិនអាច​បំភ្លេច​បាន​ចំពោះ​មហា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុល ពត ដែល​បាន​ប្រព្រឹត្ត​មក​លើ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យុទ្ធជន​យុទ្ធ​នារី​និង​អ្នកស្នេហាជាតិ​ទាំងឡាយ​ដែល​បាន​ធ្វើ​ពលី​កម្ម​ប្រកបដោយ​វីរភាព​ក្នុង​ការ​តស៊ូ​ប្ដូរ​រំលំ​របប​ប្រល័យពូជសាសន៍​និង​ការពារ​មិន​ឲ្យ​របប​នេះ​អាច​វិល​ត្រឡប់​មក​កម្ពុជា​ជាថ្មី​វិញ​បាន។ ព្រម​ជា​មួយ​នេះ​យើង​ទាំងអស់​គ្នា​សូម​លំឱនកាយវាចា​ចិត្ត​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ​រាប់លាន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត​នៅក្នុង​របប​ដ៏​យង់ឃ្នង​នា​ពេល​នោះ ហើយ​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​អ្នក​ទាំងអស់​នោះ​បាន​ទៅកាន់​សុគតិភព​ជា​រៀង​ដរាប​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង សហគមន៍​អន្តរជាតិ​ដែល​បាន​គាំទ្រ​និង​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​សព្វបែបយ៉ាង​ដល់​កម្ពុជា​តាំងពី​គ្រា​លំបាក​បំផុត​រហូត​មក​ដល់​បច្ចុប្បន្ន។ ប្រាកដ​ណាស់​រាល់​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល ៤០ ឆ្នាំ​មកនេះ​គឺ​មិនអាច​កាត់ផ្ដាច់​ពី​ការ​ជួយឧបត្ថម្ភ​ដ៏​សប្បុរស​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ភាក់​និង​ដៃគូ​អន្តរជាតិ​បានឡើយ។ ជាមួយនឹង​ការ​ដឹងគុណ​នេះ​កម្ពុជា​ប្ដេជ្ញា​បន្ត​ផ្ដល់​សារសំខាន់​ខ្ពស់​ដល់​ការ​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស និង​សហគមន៍​អន្តរជាតិ​ក៏ដូចជា​ដល់​ការជំរុញ​សមាហរណកម្ម​ខ្លួន​ទៅក្នុង​តំបន់​និង​ពិភពលោក​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ផ្ទាល់​ផង និង ដើម្បី​បង្កើន​ការចូលរួម​ដ៏​សកម្ម​របស់​កម្ពុជា​នៅក្នុង​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍនភាព​និង​វិបុលភាព​នៃ​តំបន់​និង​ពិភពលោក​ផង​។ ក្នុង​ស្មារតី​នេះ​រាជរដ្ឋាភិបាល​សង្ឃឹមថា​ដៃគូ​បរទេស​មួយចំនួន​ដែល​អាច​មាន​បុរេវិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ចំពោះ​កម្ពុជា​និង​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី សភាពការណ៍​នៅ​កម្ពុជា​ក៏ដូចជា​អំពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ហើយ​ចូលរួម​ប្រកបដោយ​ភាព​ស្ថាបនា​និង​សុ​ឆន្ទៈ​ពិតៗ​ដល់​ការ​ពង្រឹង​សន្តិភាព​និង​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ​បាន​គួរ​បញ្ជាក់​ថា​ ជា​ការពិត​ជ័យជំនះ ៧ មករា ១៩៧៩ សម្រេច​បាន​មក​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គួបផ្សំ​យ៉ាង​ស្អិតរមួត​រវាង​កម្លាំង​ពីរ​គឺ​កម្លាំង​មហា​សាមគ្គី​ជាតិ​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​ការ​ជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ បើ​គ្មាន​ការ​គួបផ្សំ​នៃ​កម្លាំង​ទាំងពីរ​នេះ​ទេ​គឺ​ពិតជា​មិនអាច​មានជ័យ​ជំនះ ៧ មករា ១៩៧៩ បានឡើយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលេច​អំពី​ប្រវត្តិ​សាវតា​នៃ​ការ​តស៊ូ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃ ៧ មករា ១៩៧៩​។ ដោយ​បញ្ជាក់​ថា ​ទឹកដី​កម្ពុជា​ដែល​ត្រូវបាន​ទទួល​ស្គាល់​ថា ​ជា​កោះសន្តិភាព​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ បាន​ចាប់​ផ្តើម​ធ្លាក់​ទៅ​ក្នុង​ភ្លើងសង្គ្រាម​ពេញទំហឹង​បន្ទាប់​ពី​ពួក លន់ នល់ បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​របប​សង្គម​រាស្ត្រនិយម​ដែល​ដឹកនាំ​ដោយ​ព្រះ​កុរ​ណា សម្តេចព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ តាម​ខ្សែ​ញាក់​របស់​បរទេស។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ របប​សាធារណរដ្ឋ​ខ្មែរ លន់ នល់ ត្រូវ​បាន​ផ្តួល​រំលំ ពេលនោះ​ប្រជាជន​កម្ពុជា​សង្ឃឹមថានឹង​បាន​រស់​នៅ​ក្នុង​សុខ​សន្តិភាព ហើយ​ចាប់ផ្តើម​ស្តារ និង​កសាង​ទឹកដី​របស់​ខ្លួន​ឡើងវិញ​។ ប៉ុន្តែ​ពួក ប៉ុល ពត បាន​ឆក់​ប្លន់​យក​ទាំងស្រុង​នូវ​សមិទ្ធផល​ជ័យជម្នះ​នេះ​បង្កើត​ឡើង របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​អនុវត្តន៍​នយោបាយ​ប្រល័យ​ពូជ​សាសន៍​ដ៏​យង់ឃ្នង​បំផុត ដែល​ពុំ​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា​ទាំងមូល ក្លាយជា​គុក​ឥត​ជញ្ជាំង និង​ជា​វាល​ពិឃាដ​ជោកជាំ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​កម្ពុជា​។ ប្រជាជន​ត្រូវ​ពួក​ឃាតករ​ប្លន់​យក​អស់​នូវ​សិទ្ធិ​សេរីភាព​ក្លាយជា​ទាសករ​រស់​ដូច​សត្វ​ធាតុ​ក្នុង​ភាព​ភ័យរន្ធត់ រក​ទីបំផុត​គ្មាន​។ សង្គម​កម្ពុជា​ត្រូវ​ក្រឡាប់ចាក់​រចនាសម្ព័ន្ធ​សង្គមជាតិ​ទាំងមូល​ត្រូវ​បំផ្លាញ​ដល់​ឫសគល់​ប្រជាជន​ប្រមាណ​ជាង​៣​លាន​នាក់ ត្រូវ​សម្លាប់​យ៉ាង​អាណោចអាធ័ម និង​អយុត្តិធម៌​បំផុត។ ឯ​អ្នក​ដែល​នៅ​សេសសល់​ក្នុងប្រទេស​គឺ​រស់ក្នុង​សភាព​បារម្ភ​ដល់​អាយុជីវិត​ទាំងយប់​ទាំង​ថ្ងៃ​រស់នៅ​ប្រចាំថ្ងៃ​ហាក់ដូច​ត្រី​ក្នុង​ត្រក មិនដឹង​ពេលណា​ដល់​វេន​ខ្លួន ត្រូវ​ពួកវា​យក​ទៅ​សម្លាប់​។ ពិត​ប្រា​ដក​ណាស់ បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ ប្រជាជន​កម្ពុជា នឹង​ត្រូវ​ពួក​ឃាតករ​បន្ត​កាប់សម្លាប់​រក​ទីបញ្ចប់​គ្មាន​ឡើយ​។ នៅក្នុង​កាលៈទេសៈ​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ បណ្តា​កម្លាំង​អ្នកស្នេហាជាតិ​ដ៏​បរិសុទ្ធ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​បាន​ផ្តាច់ខ្លួន​ចេញពី​របប ប៉ុល ពត ដើម្បី​ធ្វើការ​តស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ដ៏​យង់ឃ្នង​នេះ​។



ក្នុង​ដំណើរ​ឆ្ពោះទៅ​ការសង្គ្រោះ​ជាតិ​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែលមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជាតិ​។ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច ហ៊ុន សែន បានចេញ​ដំណើរ​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុងការ​តស៊ូ​រំដោះ​ជាតិ​, នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៧៨ កងកម្លាំងប្រដាប់អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​អង្គភាព​ទ័ព​រៀបចំ​ដំបូង​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៧៨ កងទ័ព និង​ប្រជាជន​នៅ​ភូមិភាគ​បូព៌ា​បាន​ក្រោកឈរ​ប្រឆាំង និង​របប ប៉ុល ពត ក្រោម​ការដឹកនាំ​របស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមទាំង​ចលនា​តស៊ូ​ប្រឆាំង ប៉ុល ពត ដែលមាន​រួចមកហើយ​នៅ​ខេត្ត​កោះ កុង នៅ​ឦសាន​ទិស និង​ចលនា​ផ្សេងៗ​ទៀត​។ ផ្តើម​ពី​ចលនា​ទាំងនេះ បានផ្តល់​ឱកាស​ដល់​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃទី​២ ធ្នូ ឆ្នាំ​១៩៧៨ ដឹកនាំ​ដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​ឥស្សរជន​ចំនួន​១១​រូប​ទៀត ដែលជា អង្គការ​ចាត់តាំង​នយោបាយ​តែមួយគត់​របស់​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ការតស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍​កម្ពុជា ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាជន​នៅ​ទូទាំងប្រទេស ព្រមទាំង​ទទួលបាន​ការជួយ ឧបត្ថម្ភ​ដ៏​ស្មោះសរ ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ការ​គាំទ្រ​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅលើ​ពិភពលោក បាន​វាយ​ផ្តួលរំលំ របប​ប្រល័យពូជសាសន៍​សម្រេចបាន​មហា​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃទី​៧ មករា ឆ្នាំ១៩៧៩​។ នេះ​គឺជា​បណ្តា​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជាតិ​យើង​បាន ហែល​ឆ្លងកាត់​ប្រកបដោយ​ទុក្ខវេទនា មហា​សោកនាដកម្ម និង​ការបាត់បង់ ដែល​ពុំ​អាច​នឹង ពណ៌នា​បាន​។ ថ្ងៃជ័យ​ជម្នះ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា មានជ័យ​ជម្នះ ៧ មករា ទើប​ប្រជាជន​កម្ពុ​ជាមាន​អ្វីៗ​សព្វ​យ៉ាង​នៅថ្ងៃនេះ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ និង​បំផ្លាញ​បានឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu