Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​ធានា​នូវ​ផលប្រយោជន៍​ធំ​ចំនួន​៤​ ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​អះអាង​ជាថ្មី​ទៀត​ចំពោះ​មហាជន​ប្រមាណ​ជាង ៦ ម៉ឺន​នាក់ នៅក្នុង​មហា​មិ​ទ្ទីង​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ៧ មករា ដោយ​ប្តេជ្ញា​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​ការធានា​ផលប្រយោជន៍​ធំៗ​ចំនួន ៤​យ៉ាង​ជូន​ដល់​ប្រជាជន​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​និង​ការ​ជឿទុកចិត្ត​របស់​ប្រជាជន​កម្ពុជា​ក្នុងនាម​រាជរដ្ឋាភិបាល​នីតិកាល ទី​៦ នៃ​រដ្ឋសភា​សម្ដេច​សូម​ប្ដេជ្ញា​ជា​ឱឡារិក​ជាថ្មី​ម្តង​ទៀត​ថា ​នឹង​ពុះពារ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បានសម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គណបក្ស​បាន​សន្យា​ចំពោះ​ជនរួមជាតិ​នៅមុន​ការបោះឆ្នោត ហើយ​ដែល​បច្ចុប្បន្ន​បាន​ក្លាយទៅជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល ទី​៦ នៃ​រដ្ឋសភា​។



សូម​ជម្រាប​ថា ​ការធានា​ធំៗ​ទាំង​៤​យ៉ាង​ដែល​សម្តេច​តេ​ជោ​បាន​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​ជូន​ជនរួមជាតិ​កម្ពុជា​រួម​មាន​

​ទី​១.​ការធានា​ការពារ​នូវ​សន្តិភាព​ស្ថិរភាព​សន្តិសុខ​និង​សុវត្ថិភាព​ភូមិ​ឃុំ​សម្រាប់​ការរស់នៅ​ដោយ​សុខក្សេមក្សាន្ត​របស់​ប្រជាជន​នៅ​គ្រប់ទិសទី​ក្នុង​ផ្ទៃ​ប្រទេស​ព្រមទាំង​ការ​ការពារ​ឯករាជ្យ​,​អធិបតេយ្យ​និង​បូរណភាព​ទឹកដី មិន​ឲ្យ​កម្លាំង​ណា​មក​រំលោភបំពាន និង​បំផ្លាញ បានឡើយ​។

​ទី​២.​ការធានា​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​គ្រប់​វិស័យ​ដែល​ផ្ដោត​អាទិភាព​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​សំដៅ​ពង្រឹង ស្ថាប័ន​សាធារណៈ​និង​កសាង​រដ្ឋបាល​ស្អាតស្អំ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​, ការពង្រឹង បរិស្ថាន​ម៉ាក្រូសេដ្ឋកិច្ច ដែលមាន​សេដ្ឋកិច្ច​រឹងមាំ​ធន់​នឹង​វិបត្តិ និង​ទ្រទ្រង់​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព​,​បរិ​យា​ប័ន្ន និង​សមធម៌​, ការបន្ត​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ការវិនិយោគ​លើ​មូលធន​មនុស្ស និង​ការបង្កើន​ការវិនិយោគ​ទាំង​ការវិនិយោគ​សាធារណៈ ទាំង​ការ វិនិយោគឯកជន​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​។

​ទី​៣. ការធានា​ជំរុញ​លើកកម្ពស់ និង កែលម្អ​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការផ្តល់ជូន​ដល់​ស្រទាប់​យុវជន​នូវ​ការបណ្ដុះ បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព ព្រម​ជាមួយនឹង​ឱកាស​ទទួលបាន​ការងារ​ធ្វើ​,​ការជួយ​កសិករ​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​និង​ការរក​ទីផ្សារ​លក់​កសិផល​, ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ព្រមទាំង​ការកែលម្អ​លក្ខខណ្ឌ​ការងារ​និង​ការការពារ​អាជីព​ជូន​កម្មករនិយោជិត​, ការបន្ត​បង្កើន​ប្រាក់បៀវត្សរ៍​និង​ប្រាក់​សោធន​និវត្តន៍​ជូន​មន្ត្រី សាធារណៈ គ្រប់​ប្រភេទ ព្រមទាំង​និវត្តជន​និង​អតីតយុទ្ធជន​,​ការពង្រីក​បណ្ដាញ​ផ្គត់ផ្គង់​និង​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​និង​ទឹកស្អាត​។​ល​។



​ទី​៤. ការធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុងការ​រស់នៅ​របស់​ប្រជាជន ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​តាមរយៈ​ការអភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព​និង​ចីរភាព​សម្រាប់​ប្រជាជន​គ្រប់រូប ជាពិសេស​សម្រាប់​អ្នកក្រីក្រ​និង​ក្រុម​ជន​ងាយ​រងគ្រោះ​ដោយ​មិន​ទុក​ឲ្យ​ប្រជា​ជនណាម្នាក់ ទទួលរង​គ្រោះ​ដោយ​មិនមាន​ការ យកចិត្តទុកដាក់​នោះឡើយ​។



​គួរ​រំលឹក​ជូន​ថា​កាលពី​ថ្ងៃទី ៦ ខែកញ្ញា ថ្លែង​ទៅកាន់​រដ្ឋសភា​នីតិកាល​ទី​៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្តេជ្ញា​នៅមុខ​សមាជិកសភា​ថា នឹង​ខិតខំ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​ខ្លឹមសារ​នៃ «​កម្មវិធី​នយោបាយ​» របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​បង្ហាញ​ជូន​រដ្ឋសភា និង​តាមរយៈ​សភា​ជូន​ដល់​ជនរួមជាតិ​និង​សាធារណមតិ​ទូទៅ​នាពេលនេះ​ឆ្លុះបញ្ចាំង​អំពី​គោលបំណង​ឧ​ត្ត​ម​គតិ​និង​ការប្ដេជ្ញា​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពុះពារ​បម្រើ​ជាតិ​និង​ប្រជាជន​នៅក្នុង​គ្រប់​កាលៈទេសៈ​ព្រមទាំង​បង្ហាញ​ច្បាស់​អំពី​ចក្ខុវិស័យ​និង​គោលនយោបាយ​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បន្ត​ការពារ និង​កសាង​មាតុភូមិ​ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង​ស្របតាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​។



ក្នុងនាម​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី ៦ នៃ​រដ្ឋសភា ខ្ញុំ​ក៏​សូម​សន្យា និង​ធ្វើការ​ប្តេជ្ញា​ជា​ឱឡារិក ចំពោះ​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំង​ប្រទេស​ថា ខ្ញុំ​នឹង​ប្តូរផ្តាច់​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​ជាតិ ធានា​អនុវត្ត​ឲ្យ​បាន​សម្រេច​ជោគជ័យ នូវ «​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​»​ដែល​ជា​ការសន្យា​របស់​គណបក្ស​ប្រជាជន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅមុន​ការបោះឆ្នោត ហើយ​ដែល​ទើបនឹង​ដាក់​ជូន​អង្គ​រដ្ឋសភា​ឧត្តុង្គឧត្តម នា​ពេល​នេះ ពិសេស​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​វិធានការ​ជាក់ស្តែង​ជា​អាទិភាព​ទាំង ៤ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ២០១៩ រួមមាន ទី​១- បន្ត​បង្កើន​ប្រាក់​ឈ្នួល​ពលកម្ម​របស់​កម្មក​រ​/​និយោជិត និង​រៀបចំ​បើកប្រាក់​ឈ្នួល​ពលកម្ម​ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង​។​ទី​២- បន្ត​បង្កើន​បៀវត្សរ៍ និង​ប្រាក់​សោធនិវត្ត​ជូន​មន្ត្រីរាជការ​គ្រប់​ប្រភេទ ព្រមទាំង​និវត្តជន និង​អតីតយុទ្ធជន និង​រៀបចំ​បើក​បៀវត្សរ៍ និង​ប្រាក់​សោធន​និវត្ត ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង តាម​ប្រព័ន្ធ​ធនាគារ​។​ទី​៣- បញ្ចុះ​ថ្លៃ​អគ្គិសនី តាម​កម្មវិធី និង​តារាង​ថ្លៃ​ជាក់លាក់​នៅក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​។​ទី​៤- ដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​គាំពារ​សង្គម ជា​អាទិភាព​មួយចំនួន​រួមមាន​៖ (១)- កម្មវិធី​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម ២ ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ (២)- របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ និង (៣)- របប​សោធន​សម្រាប់​កម្មករ​/​និយោជិត​។



សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ថា ស្មារតី ៧ មករា​ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​យើង​។ ស្មារតី ៧ មករា​គឺជា​កម្លាំង​យ៉ាង​ធំធេង​ដែល​ធ្វើ​ឲ្យ​យើង​យកឈ្នះ​បាន​លើ​គ្រប់​ឧបសគ្គ​និង​ការ​លំបាក​សព្វបែបយ៉ាង​ក្នុងការ​កសាង​និង​ការពារ​មាតុភូមិ​។ ស្មារតី ៧ មករា​គឺ​សាមគ្គីភាព​វីរភាព​និង​ជ័យជំនះ​។ បច្ចុប្បន្ន​យើង​កំពុង​ឈរ​យ៉ាង​រឹងមាំ​ក្នុង​ភាពជា​ម្ចាស់​លើ​ប្រទេសជាតិ​និង​ជោគវាសនា​របស់​ខ្លួន​ហើយក៏​កំពុង​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ភាព​ជឿជាក់​។ ក៏ប៉ុន្តែ​ប្រការ​នេះ​ពុំ​មែន​មានន័យថា ​ស្នាមរបួស​និង​ការ​ឈឺ​ចាប់ពី​អតីតកាល​បានជា​សះ​អស់ទាំង​ស្រុង​ហើយ​ដំណើរ​ទៅមុខ​របស់​យើង​នឹង​មាន​ភាព​រលូន​ដោយ​គ្មាន​បញ្ហា​ប្រឈម​នឹង​ហានិភ័យ​នោះ​ទេ​។ ច្បាស់​ណាស់​ថា​ នៅក្នុង​ការដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ត្រើយ​នៃ​វិបុលភាព​កាន់តែ​ចម្រើន​រុងរឿង​ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ជាតិ​យើង​និង​ត្រូវ​បន្ត​ពុះពារ​ជំនះ​នូវ​បញ្ហា​ប្រឈម​នឹង​ការ​លំបាក​ស្មុគស្មាញ​ជាច្រើន​ថែមទៀត​។ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានទទួល​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន សម្តេច​ដឹង​ច្បាស់​អំពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ចំពោះ​ប្រជាជាតិ​ទាំងមូល​។



សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​កតញ្ញុតា​ធម៌ ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី​ដែល​បាន​គាំទ្រ​សម្តេច​និង​ផ្តល់​ឱកាស​ឲ្យ​សម្តេច​បាន​បន្ត​បម្រើ​ជាតិ​និង​មាតុភូមិ​។ ការគាំទ្រ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​នូវ​ជំនឿ​និង​សេចក្ដីសង្ឃឹម​មុតមាំ​របស់​ជាតិ​ទាំងមូល ចំពោះ​ចីរភាព​និង​ភាពរឹងមាំ​នៃ​សុខសន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ​ក៏ដូចជា​ចំពោះ​ការបន្ត​ដំណើរការ​កែទម្រង់​រដ្ឋ​ស៊ីជម្រៅ​ក្នុង​គ្រប់​វិស័យ​ដោយ​ផ្អែកលើ​សាមគ្គីភាព​គតិបណ្ឌិត​ទេពកោសល្យ​ភាព​អង់អាច​ក្លាហាន​និង​សេចក្ដី​ព្យាយាម​ដើម្បី​ជំរុញ​ទៅមុខ​ថែមទៀត​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សង្គមជាតិ​ឆ្ពោះ​ទៅ​រក​ភាព​កាន់តែ​ចម្រើន​រុងរឿង​និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់​ស្រទាប់​ជាន់ថ្នាក់​អោយ​កាន់តែ​ប្រសើរឡើង​ឥត​ឈប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu