Ad Code

សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្តបាត់ដំបង​ចំនួន​៣​នាក់ ដែល​ជាប់​បណ្ដឹង​ក្នុង​សំណុំរឿង​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត បាន​ទៅ​បង់​ផាកពិន័យ​ហើយ



ភ្នំពេញ​ ៖ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តំណាង​មន្ត្រី​គណបក្សប្រឆាំង​ប្រចាំ​ខេត្ត​បាត់ដំបង​ចំនួន ៣​នាក់ ដែល​ជាប់​បណ្ដឹង​ក្នុង​សំណុំរឿង​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ បាន​សុខចិត្ត​ទៅ​បង់​ផាកពិន័យ​ហើយ ក្រោយពី​មានការ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​។

កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ លោក ស៊ិ​ក ប៊ុ​ក​ហុក ប្រធាន គ​.​ជ​.​ប បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​មន្ត្រី​គណបក្សប្រឆាំង​ចំនួន ៣​រូប ដែល​ជាប់​ក្នុង​សំណុំរឿង​ធ្វើ​យុទ្ធ​ការ​ម្រាមដៃ​ស្អាត​នៅ​បាត់ដំបង ប្រញាប់​ទៅ​បង់ប្រាក់​ផាកពិន័យ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង ឬ​នៅ​ទីស្ដីការ​គ​.​ជ​.​ប យ៉ាងយូរ​៣០​ថ្ងៃ​។ ក្នុងករណី​មិនបាន​បង់ប្រាក់​ផាកពិន័យ​តាម​ការកំណត់ គ​.​ជ​.​ប នឹង​អនុវត្ត​ការផាកពិន័យ​នេះ​ទៅតាម​ច្បាប់​។

​គ​.​ជ​.​ប បាន​ផាកពិន័យ​លោក ជា ជីវ ជា​ប្រាក់ ១០​លាន​រៀល ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត គឺ​លោក ថោង សារឿន និង​លោក គ្រុយ គឹម​សាំង ពិន័យ ប្រាក់ ៥​លាន​រៀល​។​

ទាក់ទង​បញ្ហា​នេះ តំណាង​តំណាង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប ប្រចាំ​ខេត្ត​បាត់ដំបង លោក សួន ចំរើន ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ប្រគល់​ប្រាក់​ផាកពិន័យ​ចំនួន​២០​លាន​រៀល​ ជូន​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង​គ្រប់​ចំនួន​អស់ហើយ​។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ផាកពិន័យ​មន្ត្រី​បក្ស​ទាំង​៣​នាក់ បន្ទាប់ពី​ពួកគេ​បាន​បង្ហោះ​រូបភាព​លើក​ម្រាម​ចង្អុលដៃ ជា​និមិត្តរូប​នៃ​ការធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត នៅតាម​បណ្ដាញ​សង្គម Facebook និង​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu