Ad Code

សមត្ថកិច្ច​ចាប់​បាន​ត្រាក់ទ័រ​៤​គ្រឿង​ ដែល​ឈូស​ដី​គម្រប​ព្រៃ​របស់​រដ្ឋ​ ក្នុង​ស្រុក​សាមគ្គី​មានជ័យ



​កំពង់ឆ្នាំង ​៖ ត្រាក់ទ័រ​ថ្មីៗ ​ចំនួន​៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​សហការ​គ្នា​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់​ឆ្នាំង និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ចាប់បាន​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ​នៅក្នុង​ចំណុច​បែង​កង ក្នុង​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ។

វត្ថុតាង​ខាងលើនេះ​ ត្រូវបាន​សមត្ថកិច្ច អូស​យកមក​រក្សាទុក​នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់​ត្រឡាច កសាង​សំណុំរឿង​តាម​នីតិ​វិធី ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។​

លោក ឯម វិចិត្រ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បានឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​១៦​មករា​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​ លោក ថោង វី​រ៉ាវ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ដី​គម្រប​ព្រៃ ឈើ​នៅ​ចំណុច​ខាងលើ​ដើម្បី​ធ្វើ​អត្តសញ្ញាណកម្ម រាយការណ៍​ជូន​ថ្នាក់លើ។

ខណៈ​នោះ​ដែរ​ ក្រុមការងារ​ ក៏បាន​ប្រទះឃើញ​ត្រាក់ទ័រ​ថ្មីៗ​ចំនួន​៤​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ឈូស​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​អស់​ប្រមាណ​ជិត​១​ហិក​តា​។ ​ក្នុងពេលនោះ​ សមត្ថកិច្ច ក៏បាន​សហការ​គ្នា​ចាប់​បាន​ត្រាក់ទ័រ​ទាំង​៤​គ្រឿង​នេះ តែ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់​អស់។

ចំណែក​វត្ថុតាង​នេះ ត្រូវបាន​សមត្ថកិច្ច​នាំ​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។​

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹងថា​ តាម​នីតិ​វិធី​ច្បាប់ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នឹង​ត្រូវធ្វើ​សេចក្ដីជូនដំណឹង ប្រកាស​ជា​សាធារណៈ​រយៈពេល​មួយ​ខែ ដើម្បី​ឲ្យ​ម្ចាស់​ត្រាក់ទ័រ​ចូលខ្លួន​មក​ដោះស្រាយ ដោយ​ត្រូវធ្វើ​ការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់។ ប៉ុន្តែ​ប្រសិន​បើ​ម្ចាស់​ត្រាក់ទ័រ មិន​ចូលខ្លួន​មក​ទទួល​ការ​ផាក​ពិន័យ​ទេនោះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​តុលាការ​នឹង​ចេញ​សាលក្រម ដកហូត​វត្ថុ​តាង​ទាំងអស់នេះ​ទុកជា​សម្បត្តិ​រដ្ឋ​តែម្ដង​។​

សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន សូម​ចូលរួម​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​បាន​ទាន់ពេលវេលា នៅពេល​ឃើញ​ការឈូសឆាយដី​ព្រៃឈើ​ខុស​ច្បាប់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​​មាន​ប្រសិទ្ធភាព៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu