ប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍បានទាមទារឲ្យប្រទេសចិនត្រូវដោះស្រាយករណីរបស់អ្នកនិពន្ធដែលជាប់ឃុំឃាំងឈ្មោះ Yang Hengjun ឲ្យ “មានតម្លាភាពនិងយុត្តិធម៌” ស្របពេលដែលមានការកើនឡើងនៃជម្លោះអំពីជោគវាសនារបស់ជនជាតិអូស្ត្រាលីដើមកំណើតចិនរូបនេះ។
លោក Yang ដែលជាអ្នកនិពន្ធរឿងប្រលោមលោក អ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យនិងជាអតីតអ្នកការទូតចិនគឺត្រូវបានគេឃុំខ្លួនភ្លាមៗបន្ទាប់ពីគាត់បានធ្វើការវិលត្រលប់ដ៏កម្រមកប្រទេសចិនវិញពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
អាជ្ញាធរចិនមិនបាននិយាយជាសាធារណៈទេថាតើហេតុអ្វីបានជាគាត់ត្រូវគេឃុំឃាំងឬថាតើគាត់កំពុងប្រឈមនឹងការចោទប្រកាន់អ្វី។
លោកស្រី Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានទូតរបស់យើងនៅទីក្រុងប៉េកាំងនឹងជួបជាមួយអាជ្ញាធរចិននៅព្រឹកនេះដើម្បីស្វែងរកការបំភ្លឺបន្ថែមទៀតអំពីលក្ខណៈនៃការឃុំខ្លួននេះ”។
លោកស្រីបានបន្ថែមថា “យើងនឹងបន្តធ្វើតំណាងឲ្យប្រទេសចិនដើម្បីធានាថា បញ្ហានេះត្រូវបានដោះស្រាយដោយតម្លាភាពនិងយុត្តិធម៌”។
ដោយធ្លាប់ត្រូវបានគេពិពណ៌នាថាជា “អ្នកសរសេរប្លក់នយោបាយដ៏មានឥទ្ធិពលបំផុត” របស់ប្រទេសចិននោះ, លោក Yang បានក្លាយជាពលរដ្ឋអូស្ត្រាលីនៅក្នុងឆ្នាំ២០០០ប៉ុន្តែបច្ចុប្បន្នមានមូលដ្ឋាននៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក។
ការរិះគន់របស់គាត់ទៅលើរដ្ឋាភិបាលចិននិងការគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីអតីតកាលបានធ្វើឲ្យគាត់ក្លាយជាគោលដៅនៃសន្តិសុខរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
គាត់បានបាត់ខ្លួនម្តងក្នុងអំឡុងពេលធ្វើដំណើរឆ្នាំ២០១១ទៅប្រទេសចិនប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកគាត់បានរៀបរាប់អំពីការបាត់ខ្លួនរបស់គាត់ថាជា “ការយល់ច្រឡំ”។
ប៉ុន្តែការឃុំឃាំងនាពេលបច្ចុប្បន្នរបស់គាត់បានកើតឡើងចំពេលមានភាពតានតឹងខ្លាំងរវាងបណ្តាប្រទេសលោកខាងលិចនិងទីក្រុងប៉េកាំង។
ការចាប់ខ្លួននាពេលថ្មីៗនេះលើនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei នៅឯព្រលានយន្តហោះទីក្រុង Vancouver គឺត្រូវបានឆ្លើយតបវិញដោយការចាប់ខ្លួនជនជាតិកាណាដាពីររូប។
ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីត្រូវបានប៉ះពាល់ដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាក្នុងការហាមឃាត់ក្រុមហ៊ុន Huawei ពីការចូលរួមក្នុងបណ្តាញឥតខ្សែ 5G របស់ខ្លួនជុំវិញការព្រួយបារម្ភផ្នែកសន្តិសុខហើយចំពេលប្រទេសទាំងពីរកំពុងគិតគូរអំពីការបើកចំហបន្ថែមទៀតនៃឥទ្ធិពលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕ AFP
Source: Kampuchea Thmey Daily
0 Comments