កណ្ដាល ៖ យ៉ាងហោចណាស់មានកម្មការិនីប្រមាណ៥៥នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ដោយគ្រាន់បណ្ដាលមកពីកម្មការិនីម្នាក់ជូតម៉ាស៊ីនដេរ ហើយមុតដៃចេញឈាមកក្លាក់ហើយកម្មការិនីជាច្រើននាក់ទៀតនៅក្បែរនោះ ឃើញបែបនេះមានការតក់ស្លុតក៏ដួលសន្លប់បន្ដបន្ទាប់គ្នាតែម្ដង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងរោងចក្រ QMI ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរោងចក្រQMI នេះមាន កម្មករសរុបជាង៤ពាន់នាក់ក្នុងនោះមានកម្មករចំនួន៥៥នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារមកពីកម្មការិនីម្នាក់ មិនប្រយ័ត្នបានមុតចង្អុលដៃចេញឈាម ហើយកម្មករនៅជិតនោះបានឃើញ ក៏មានកាភិតភ័យក៏ដួលសន្លប់តតគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងដល់សមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្ដរាគមន៍ភ្លាមៗផងដែរ។
ប្រភពបន្ដថា មុនពេលកើតហេតុ មានកម្មការិនីម្នាក់ឈ្មោះ ទឿន ស្វិត នៅវេលាម៉ោង៧ព្រឹកខណៈពេលចូលធ្វើការភ្លាម គេបានបោសជូនម៉ាស៊ីនដេររបស់ខ្លួន តែដោយមិនបានប្រុងប្រយ័ត្ន ក៏មុតចង្អុលដៃហូរឈាមកក្លាក់ ពេលនោះមានកម្មការិនីនៅជិតនោះ ឃើញមានឈាម ក៏មានការភិតភ័យក៏ដួលសន្លប់តគ្នា។ ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាបន្ដបន្ទាប់ដើម្បីជួយសង្គ្រោះផងដែរ។ ប៉ុន្ដែក៏មានកម្មការិនីខ្លះបានលើកឡើងថា ពេលនោះនាងមិនដឹងថា អ្នកណាមុតដៃទេ តែពេលនោះដោយសារឃើញគេសន្លប់ច្រើនទើបនាងមានការតក់ស្លុតដួលសន្លប់តែម្ដងទៅ៕
Source: Kampuchea Thmey Daily
0 Comments