ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែងសរុបចំនួន១៩០,៦៣ គីឡូម៉ែត្រ ត្រូវបានចុះហត្ថលេខាហើយ ជាមួយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីធានាបានគុណភាពប្រើប្រាស់យូរអង្វែងស្របតាម បទដ្ឋានស្តង់ដារបច្ចេកទេសអន្តរជាតិ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួង។
តាមក្រសួង ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការរវាងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងប្រធានក្រុមហ៊ុន MINCONSULT SDN BHD។ ពិធីចុះហត្ថលេខានេះធ្វើឡើង ដើម្បីជំរុញឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសគ្រប់គ្រង និងពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ សំដៅធានាបាននូវគុណភាពស្របតាមបទដ្ឋាន ស្តង់ដារបច្ចេកទេសអន្តរជាតិ ពោលគឺផ្លូវមានភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរផងដែរ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ដោយសាងសង់ជាបួនគន្លង (២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ) មានប្រវែងសរុបចំនួន១៩០,៦៣ គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ជាផ្លូវថ្មីទាំងស្រុង និងមានរបងបាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានខ្ពស់បំផុត។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ទំនងជាអាចបើកការដ្ឋាននៅខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០១៩ ខាងមុខ។ តាមលោក ស៊ុន ចាន់ថុល គ្រឿងចក្រសម្រាប់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ មានតម្លៃប្រហែល១០០លានដុល្លារ អាចនឹងមកដល់កម្ពុជានៅដំណាច់ខែមករានេះ ហើយអ្នកជំនាញបច្ចេកទេសវិស្វកម្មចិនប្រហែល២០០នាក់បានមកដល់កម្ពុជារួចហើយ។
ជាមួយគ្នានោះ លោកសង្ឃឹមថា ខែ២ ខាងមុខនេះ ឬដើមខែ៣ អាចបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបាន។ ទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល អះអាងថា ការដោះស្រាយផលប៉ះពាល់នៅមិនទាន់រួចនៅឡើយ យើងកំពុងរៀបចំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញដោះស្រាយបញ្ហាប៉ះពាល់ដីធ្លីនេះ ដើម្បីបានបើកការដ្ឋានបាន៕
Source: Kampuchea Thmey Daily
0 Comments