បន្ទាប់ពីឆ្លងកាត់ការប្រកួតមិត្តភាពចំនួន១១ប្រកួត ក្នុងរដូវកាលដើម្បីត្រៀមរដូវកាលថ្មី ខាងមុខក្លិបកីឡាបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ទើបតែបរាជ័យម្ដងគត់។ ទន្ទឹមនឹងគ្នានេះដែរលោក ហុក សុជីវ័ន គ្រូបង្វឹកបានអះអាងថា ទោះបីឈ្នះច្រើនប្រកួតមែន តែជ័យជម្នះលក្ខណៈមិត្តភាពនេះ មិនប្រាកដសមប្រាកបក្នុងការប្រកួតផ្លូវការ នៃលីគកំពូលកម្ពុជានោះទេ។
គ្រូបង្វឹកកំពុងកាន់អាជ្ញាប័ណ្ណ AFC A License រូបនេះបានបន្តថា កន្លងមកនេះគ្រាន់តែជាការប្រកួតមិត្តភាពមិនមែនជាការប្រកួតផ្លូវការនោះទេ ដោយហេតុនេះ ទាំងកីឡាករ និងសមាជិកក្រុមទាំងអស់ ត្រូវបង្កើនការខំប្រឹងបន្ថែមទៀត ទើបទទួលបានលទ្ធផលល្អ នារដូវកាលថ្មី។ លោកបានបន្តថា «នេះគ្រាន់តែជាការប្រកួតមិត្តភាព យើងមិនទាន់ច្បាស់នូវទម្រង់លេងរបស់ពួកគេ ១០០% នោះទេ អញ្ចឹងវាអាចនឹងមានការប្លែកទៀត។ អ្វីដែលយើងធ្វើបានពេលនេះ យើងមិនអាចស្មានថា ចូលដល់លីគ វានឹងសមប្រកបសម្រាប់យើងនោះទេ យើងត្រូវការខិតខំប្រឹងប្រែងបន្ថែម ពិសេសកីឡាករ ត្រូវបង្កើនការយល់ពីគ្នាទៅវិញទៅមកឲ្យបានច្រើនជាងនេះ»។
មកទល់ពេលនេះ ក្លិបកីឡាបាល់ទាត់វិសាខា បានធ្វើការប្រកួតមិត្តភាពជាតិ និងអន្ដរជាតិ ដើម្បីត្រៀមរដូវកាលថ្មី ចំនួន ១១ប្រកួតមកហើយ ដោយបញ្ចប់ជាមួយលទ្ធផលឈ្នះ ៨ លើក ហើយស្មើគ្នាបាន ២លើក និងចាញ់១។ សម្រាប់ប្រកួតបន្ទាប់ក្លិបកីឡាបាល់ទាត់វិសាខា នឹងបន្ដបើកទ្វារផ្ទះស្វាគមន៍ការប្រកួតមិត្ដភាពទី១២ របស់ខ្លួន ដោយត្រូវជួបក្រុម African All Stars នៅកីឡដ្ឋានវិសាខា របស់ខ្លួន។
សូមរំលឹកថា ក្លិបលេខ៣ឆ្នាំចាស់ក្នុងលីគកំពូលកម្ពុជានេះ ទើបតែបញ្ចប់កម្មវិធីបោះជំរុំហ្វឹកហាត់ Pre-Season Tour នៅប្រទេសថៃ ចាប់ពីថ្ងៃទី៧ ខែមករា ដល់១៨ ខែមករា ឆ្នាំ២០១៩ ខណៈក្រុមនេះនៅតែបន្ដហ្វឹកហាត់ និងប្រកួតមិត្តភាពក្នុងស្រុកមួយចំនួន ដើម្បីត្រៀមរដូវកាលថ្មី ទាំងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments