Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងផែនការ ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ធ្វើ​សកម្មភាព​បម្លាស់ទី​លំនៅដ្ឋាន​រយៈពេល​កន្លះ​ខែ​ ដើម្បី​ធ្វើ​ជំរឿន​



​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងផែនការ ​បានធ្វើកា​រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផ្អាក​ធ្វើ​សកម្មភាព​បម្លាស់ទី​លំនៅដ្ឋាន​រយៈពេល​កន្លះ​ខែ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំរឿន​បាន​ចុះទៅ​ជួប​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​

លោកស្រី ហង់ លី​ណា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួងផែនការ​បាន​មានប្រសាសន៍ថា​នៅក្នុង​អំឡុងពេល​ធ្វើ​ជំ​រឿងនេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ធ្វើ​សកម្មភាព​បម្លាស់ទី​លំនៅដ្ឋាន​ក្នុង​រយៈពេល​កន្លះ​ខែ​ ចាប់ពី​ថ្ងៃទី​២៨ ​ខែកុម្ភៈ​ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំរឿន​ទាំង ជាង​៥​ម៉ឺន​នាក់ បាន​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​តាម​ការកំណត់​។​ ពិសេស​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ពេលវេលា និង​ថវិកា​ខណៈ​ការធ្វើជំរឿន​លើក​នេះ​ ត្រូវ​ចំណាយ​ថវិកា​របស់​ជាតិ​ទាំងស្រុង​រហូតដល់​ជាង​៨​លាន​៣​សែន​ដុល្លារ​អាមេរិក​។​

លោកស្រី​បាន​បន្តទៀតថា​ ជាងនេះទៅទៀត​ គឺ​ដើម្បី​ឲ្យ​ការធ្វើជំរឿន​ប្រជាសាស្ត្រ​នៅ​ឆ្នាំ​២០១៩​នេះ​មាន​លក្ខណៈ​សុ​ក្រឹត្យ​ត្រឹមត្រូវ បម្រើ​ដល់​ការអភិវឌ្ឍន៍​ជាតិ ​ព្រោះថា​ក្នុង​ជំរឿន​ប្រជាសាស្ត្រ​ឆ្នាំ​២០១៩​នេះ ប្រជា​ពលរដ្ឋ​ត្រូវ​ឆ្លើយ​សំនួរ​សំខាន់​រហូតដល់​៥៩​សំណួរ ដើម្បី​ធ្វើជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​អង្កេត​វាយតម្លៃ​ពី​ស្ថានភាព​ទាំងអស់​របស់​ប្រជាពលរដ្ឋ នាយ​ម៉ឺន​សព្វ​មុខមន្ត្រី នាយករដ្ឋ​មន្ត្រី​ និង​ព្រះមហាក្សត្រ​។​

លោកស្រី​បាន​បន្ថែមទៀតថា ក្នុងចំណោម​សំណួរ​ទាំង​៥៩​សំនួរ​នេះ ត្រូវបាន​បែងចែកជា​៥​ផ្នែក​ធំៗ ក្នុងនោះ​ផ្នែក​ទី​១ ព័ត៌មាន​សម្គាល់ ទី​២ ព័ត៌មាន​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ចំណេះដឹង ពិការភាព ជំនឿ​សាសនា ការងារ​ប្រចាំថ្ងៃ ទី​៣ គឺ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបង្ក​កំណើត ទី​៤ ព័ត៌មាន​អំពី សម្ភារៈ ប្រើ​ប្រាស់ របស់​គ្រួសារ​នីមួយៗ និង​ទី​៥ អត្រា​មរណភាព​។​

​លោកស្រី​បាន​បញ្ជាក់ថា កម្រង​សំណួរ​ទាំងអស់ នេះ គឺមាន​សា​រះ​សំខាន់​ណាស់​ដើម្បី​វិភាគ​ពី​ការ​វិវឌ្ឍ​ នៃ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ​ក្រោយ​ជំរឿន​កាល​ឆ្នាំ​២០០៨ ។ ហើយ​លទ្ធផល​ដែល​ទទួលបាន​នេះ នឹងត្រូវ​យកទៅ​កសាង​ជា​គោលនយោបាយ​នានា​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ​បន្តទៀត។
ការធ្វើជំរឿន​ឆ្នាំ​២០១៩​នេះ ​មាន​រយៈពេល​១០​ថ្ងៃ​ ដោយ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​មីនា ​រហូតដល់​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ​ ដោយ​ពាក់ព័ន្ធ​ដល់​ការចុះបញ្ជី មនុស្ស និង​ការ​កត់ត្រា​លក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ ក្នុងចំណោម​មនុស្ស​ទាំងអស់ តាម​កាលបរិច្ឆេទ​កំណត់ និង​ធ្វើការ​កត់ត្រា​ប្រមូល​យក​ព័ត៌មាន​អំពី​ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​មនុស្សម្នា​ក់ៗ ព្រមទាំង​ព័ត៌មាន​អំពី​អគារ​ដែល​កាន់កាប់​ដោយ​គ្រួសារ ស្ថានភាព​លំនៅដ្ឋាន និង​សម្ភារៈប្រើប្រាស់​នៅក្នុង​គ្រួសារ​។​

គួរ​បញ្ជាក់ថា ការធ្វើជំរឿន​ប្រជាសាស្ត្រ​កម្ពុជា​កាលពី​ឆ្នាំ​២០០៨​ កម្ពុ​ជាមាន​ចំនួន​ប្រជាជន ជាង​១៣​លាន​នាក់ ហើយ​ក្រោយ​រយៈពេល​១០​ឆ្នាំនេះ ក្រសួងផែនការ​ប៉ាន់ស្មាន​ថា ចំនួន​នេះ​អាច​នឹង​កើន​ឡើង​រហូតដល់ ពី​១៧​ ទៅ​១៨​លាន​នាក់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu