Ad Code

តើ​លោក​អ្នក​ចង់​ដឹង​ទេ ក្នុង​ឆ្នាំ​២០១៨​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​បាន​ប៉ុន្មាន​ករណី ចាប់ខ្លួន​ប៉ុន្មាន​នាក់​ រឹបអូស​គ្រឿងញៀន​បាន​ប៉ុន្មាន?



​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៨ បាន​បង្ក្រាប​ចំនួន​៦.៧៩២​ករណី ក្នុង​នោះ​ឃាត់ខ្លួន​ជនល្មើស ចំនួន​១៣,៣៨៧​នាក់ ( ស្រី​១,០១១​នាក់ ) និង​អនុវត្តតាម​ដីកា​ឃាត់ខ្លួន​២១៧​នាក់ ( ស្រី​៩​នាក់ )។

កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួលបន្ទុក​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។​

បើ​យោងតាម​របាយការណ៍​ដែល​បានបង្ហាញ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ដ ឆ្នាំ​២០១៩ របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រឆាំង​គ្រឿង​ញៀន។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ពេញ​មួយឆ្នាំ​នេះ កម្លាំង​នគរបាល​ទូទាំងប្រទេស​រឹបអូស​គ្រឿងញៀន​សរុប​ទម្ងន់​៥០៨​គីឡូក្រាម ក្នុងនោះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាបបាន​ចំនួន​១,០១៧​ករណី ឃាត់ខ្លួន​ជនល្មើស​១,៧២៥​នាក់ ស្រី​២១៨​នាក់ ដោយ​រឹបអូស​ថ្នាំញៀន បាន​ចំនួន​១៥៨​គីឡូក្រាម។

ជាមួយគ្នានេះ ក្នុង​ឆ្នាំ​២០១៨​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដើម្បី​រួមគ្នា​បង្ការ គ្រប់គ្រង និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​បណ្ដា​ទីតាំង​កម្សាន្ត​ផ្សេង​ផងដែរ។

បន្ថែម​ពីនេះ មន្ត្រី​ជំនាញ ​ក៏បាន​ចុះ​ស្រង់​តាម​បណ្ដា​គោលដៅ​ងាយ​រងគ្រោះ បទល្មើស​គ្រឿងញៀន សរុប​ចំនួន​២៩៩៧​ទីតាំង ក្នុង​បានធ្វើ​កិច្ចសន្យា​រួម​ចំនួន​៩៧២​ទីតាំង មិនទាន់​ធ្វើ​កិច្ចសន្យា​២០២៥​ទីតាំង។ ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​បង្ក្រាប ឬ​បង្ការ​មិន​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​ នឹងត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់។​

ខាងលើនេះ​ គ្រាន់តែ​ជាការ​បូកសរុប​របស់​សមត្ថកិច្ច​នគរបាល​ តែ​លើ​បទល្មើស​គ្រឿងញៀន​ប៉ុណ្ណោះ នៅ​មិនទាន់​រាប់​បញ្ចូល​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​នៅ​ទូទាំងប្រទេស​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu