Ad Code

សុខ សា​វិ​ន កៀក​ស្មា​ជាមួយ​ ពេជ្រ ម្ទេសខ្មាំង ឡើង​ដណ្តើម​ប្រាក់​លាន ​ពី​កីឡាករ​ថៃ​



​ភ្នំពេញ ៖ កីឡាករ​សុខ សា​វិ​ន អ្នក​ប្រដាល់ ​នៃ​ក្លិប​ឆ្មា​សរ​សែន​សុខ​គុន​ខ្មែរ កៀក​ស្មា​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ ពេជ្រ ម្ទេសខ្មាំង អ្នក​ប្រដាល់​របស់​ក្លិប​អា​រុណ​រះ​កីឡា ឡើង​ដណ្តើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ​ វ៉ា​ត់​ឆា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័យ និង​កីឡាករ​ភី​ត​ប៉ែត​ស៊ែ​ន ស៊ីត​.​លួង​ពូ​ឧ​ដុម នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​នេះ​។​

កីឡាករ​សុខ សា​វិ​ន ជួប​កីឡាករ​ថៃ ​វ៉ា​ត់​ឆា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័យ នេះ ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​នៅ​សង្វៀន​នេះ តែ​យ៉ាងណា​ កីឡាករ​ថៃ​រូបនេះ ​ធ្លាប់​មក​ប្រកួត​នៅតាម​សង្វៀន​ស្រុក​ខ្មែរ​ច្រើនលើក​មកហើយ មាន​ឈ្នះ​ មាន​ចាញ់​ជាមួយ​កីឡាករ​លំដាប់ៗ​របស់​កម្ពុជា ស្នៀត​ខ្លាំង​របស់គេ​ គឺ​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​ឲ្យ​គូប្រកួត​ដួល​ទាំង​ជំហរ​។​

ចំណែក​សុខ សា​វិ​ន បច្ចុប្បន្ន​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ ស្នៀត​ខ្លាំង​របស់គេ ​គឺ​ជង្គង់ និង​កែង ដែល​អាច​ប្រើ​ប្រយោល​ក៏បាន ​ចូល​កៀក​ក៏បាន ហើយ​មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ប្រើ​បានល្អ​ទៀតផង​។ ក្នុងការ​ប្រកួត​នេះ ​ត្រូវបាន​អ្នកតាមដាន​កីឡាប្រដាល់​លើក​ឡើង​ថា សុខ សា​វិ​ន មាន​ភាគរយ​ខ្ពស់​បំផុត ក្នុង​ការ​យកឈ្នះ​ថៃ​រូបនេះ ព្រោះ​គេ​កំពុង​ឡើង​កូដ​ខ្លាំង​។ ចាំមើល​រវាង​សុខ សា​វិ​ន និង​កីឡាករ​ថៃ​ វ៉ា​ត់​ឆា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័យ នរណា​ជា​អ្នកឈ្នះ​ទទួលបាន​ប្រាក់​លាន​នេះ​?​។

ដោយឡែក​ កីឡាករ​​ ពេជ្រ ម្ទេសខ្មាំង ត្រូវ​ឡើង​ដណ្តើម​ប្រាក់​លាន​ពី អ្នកលេង​ឆ្លងដែន​មកពី​ថៃ​ផងដែរ គឺ​កីឡាករ​ភី​ត​ប៉ែត​ស៊ែ​ន ស៊ីត​.​លួង​ពូ​ឧ​ដុម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​នាពេល​កន្លងមក ដោយ​កីឡាករ​ថៃ​ម្នាក់នេះ​ទើប​ចូលប្រឡូក​មក​សង្វៀន​ស្រុក​ខ្មែរ ហើយ​មិនទាន់​ដឹងថា ​គេ​មាន​វិជ្ជា​គុន​ខ្លាំង​ប៉ុណ្ណា​នោះដែរ​។​

រីឯ​កីឡាករ​ពេជ្រ ម្ទេសខ្មាំង គេ​ជា​កីឡាករ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​នេះ ការប្រកួត​ជាមួយ​កីឡាករ​បរទេស​ គឺ​គេ​វាយ​កម្រ​ចាញ់​ណាស់ ហើយ​ភាគច្រើន​ គឺ​ផ្ដួល​គូប្រកួត​ឲ្យ​ស​ន្លប់​ថែម​ទៀតផង​។​

សម្រាប់​ការ​មក​ប៉ះ កីឡាករ​ ភី​ត​ប៉ែត​ស៊ែ​ន ស៊ីត​.​លួង​ពូ​ឧ​ដុម នេះ​មិនដឹងថា​ កីឡាករ​ម្ចាស់ផ្ទះ ពេជ្រ ម្ទេសខ្មាំង គេ​អាច​បំបាក់​កីឡាករ​ថៃ ដែលជា​ភ្ញៀវ​ឲ្យ​សន្លប់​បាន​ឬ​អត់​នោះទេ តែ​តាម​ក្រុម​អ្នក​តាមដាន​ប្រដាល់​មួយចំនួន​អះអាងថា ប្រហែលជា​អាចទៅរួច​ព្រោះ​ការប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង បើ​មិន​ឈ្នះ​ពិន្ទុ​ក៏​ឈ្នះ​ដោយ​សន្លប់​ដែរ​។ ចាំមើល​កីឡាករ​ពេជ្រ ម្ទេសខ្មាំង ឬ​ ​កីឡាករ​ភី​ត​ប៉ែត​ស៊ែ​ន ស៊ីត​.​លួង​ពូ​ឧ​ដុម ន​ណា​ជា​អ្នកឈ្នះ​ដណ្តើមបាន​ប្រាក់​លាន​នេះ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu