ភ្នំពេញ ៖ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជាកាលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានសម្រស់ស្រស់ស្អាត សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពជួសជុល និងអ៊ុតកៅស៊ូACទាំងយប់ទាំងថ្ងៃ។
ជាក់ស្តែងគិតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ សម្រាប់ខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពជួសជុល ថែទាំ និងអ៊ុតកៅស៊ូ បានជាង១០ខ្សែហើយ។
លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថា សម្រាប់ខណ្ឌទួលគោក ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញយើងបាននិងកំពុងជួសជុល ថែទាំ និងអ៊ុតកៅស៊ូបានជាង១០ខ្សែហើយ ក្នុងនោះរួមមាន ផ្លូវលេខ៥៨៨ ចាប់ពីផ្លូវលេខ៣០៧ ដល់ផ្លូវលេខ៣៦៣។ ផ្លូវលេខ៦១៨ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ផ្លូវលេខ ២១៩ ចាប់ពីផ្លូវលេខ១៨២ដល់ផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគរជាប់សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។ ផ្លូវលេខ ២០៦ ចាប់ពីផ្លូវលេខ២១៥ដល់ផ្លូវទល់។ ផ្លូវលេខ ២០៤ ចាប់ពីផ្លូវលេខ២៥៣ដល់ផ្លូវលេខ២៦៥។ ផ្លូវលេខ១៩២ ចាប់ពីផ្លូវលេខ២៤៩ដល់ផ្លូវលេខ២៦៥។ ផ្លូវលេខ ២៥៥ ចាប់ពីផ្លូវលេខ៣៣៦ដល់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ចំណែកសកម្មភាពជួសជុលគ្រលុកសំបុកមាន់វិញ មានដូចជា ផ្លូវលេខ១៣៨ ចាប់ពីផ្លូវលេខ២៥៣ដល់ផ្លូវលេខ២១៥។
ផ្លូវលេខ១៤៦ ចាប់ពីផ្លូវលេខ២១៥ដល់ផ្លូវលេខ២៦៥។ ផ្លូវលេខ១៥០ ចាប់ពីផ្លូវលេខ២១៥ ដល់ផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង ផ្លូវលេខ៥៥២ ចាប់ពីផ្លូវលេខ២៩១ដល់ផ្លូវលេខ៣១៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោកបានបញ្ជាក់ទៀតថា ដោយសារការដឹកជញ្ជូន សម្ភារៈបម្រើឲ្យការអភិវឌ្ឍន៍វិស័យសំណង់ធ្ងន់ៗក្នុងទីក្រុង និងដោយផ្លូវដល់អាយុកាល នៃការប្រើប្រាស់ ទើបបណ្តាលឲ្យកំណាត់ផ្លូវក្នុងក្រុងមួយចំនួនទទួលរងការខូចខាត។ ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើសកម្មភាពជួសជុលគ្រឹះថ្នល់ខូច និងអ៊ុតកៅស៊ូ AC នៅកំណាត់ផ្លូវមួយចំនួនដោយភាពជាក់ស្តែង។
ជុំវិញការជួលជុល និងអ៊ុតកៅស៊ូខាងលើនេះ លោក ចាន់ បណ្ឌិត បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅអមសងខាងផ្លូវដែលត្រូវជួសជុល អ៊ុតកៅស៊ូនេះ មេត្តាចូលរួមសហការជាមួយក្រមការងារ ដូចជាចូលរួមរៀបចំមុខផ្ទះរបស់ខ្លួនឲ្យបានស្អាត មានបរិស្ថានល្អ និងកុំចាក់ទឹកហូរទៅលើទ្រូងផ្លូវជាដើម៕
Source: Kampuchea Thmey Daily
0 Comments