កំពង់ចាម ៖ សង្វៀនជល់មាន់ភ្នាល់ដាក់លុយមួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកជើងព្រៃ ចុះបង្ក្រាប ដោយបានដកហូតវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ ដែលអ្នកលេងបន្សល់ទុក បន្ទាប់ពីរត់យករួចខ្លួន នៅមុនពេលសមត្ថកិច្ចទៅដល់។
លោក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា ជនខិលខូចមួយចំនួន នៅតែលួចលាក់ជល់មាន់ភ្នាល់ដាក់លុយ ដោយផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយ។ តែទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែតាមប្រមាញ់ និងដុតកម្ទេចសង្វៀនចោលជារឿយៗ ជាក់ស្ដែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ម៉ោង១១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យ ចំនួន០៣ នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រីងជ្រុំ២នាក់ បានធ្វើការល្បាតចល័តដល់ចំណុចភូមិសណ្ដែក បានប្រទះឃើញក្រុមអ្នកលេងជល់មាន់មួយក្រុម ពេលដែលសមត្ថកិច្ចចូលទៅបង្ក្រាប ត្រូវបានអ្នកលេងល្បែងរត់អស់។
លោកអធិការបានបន្តថា ដោយភូមិសាស្ត្រស្មុគស្មាញ និងមានព្រៃក្រាសខ្លាំងពេក សមត្ថមិនអាចដេញទាន់ ក៏បានដកហូត វត្ថុតាងបានបន្សល់ទុក គឺ ម៉ូតូចំនួន០៨គ្រឿង កន្ត្រកដាក់មាន់ចំនួន០៣ ស្បែកជើងចំនួន០១គូ។
លោកអធិការបន្តថា សមត្ថកិច្ចបានយកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីស្រាវជ្រាវបន្ត៕
Source: Kampuchea Thmey Daily
0 Comments