Ad Code

ករណី​ហិង្សា​រវាង​ឧកញ៉ា​​ថៃ​ និង​កញ្ញា​ខារ៉ាអូខេ​​ ​បញ្ចប់​ដោយ​ពាក្យ​សុំទោស



កំពង់ចាម​ ៖ ​ឥទ្ធិពល​ប្រាក់ ​និង​ស្រា​ថ្លៃ បាន​ប្ដូរ​និស្ស័យ ធ្វើ​អោយ​ដៃ​ឧកញ៉ា​ម្នាក់​ទៅជា​រស់​រវើក​ដូច​ដៃ​មឹក ​ហើយ​បាន​លូកលាន់ និង​ប្រើ​​ហិង្សា​បង្ក​​ភាព​ខ្លោចផ្សា​ដល់​នារី​ៗ​បម្រើ​ខារ៉ាអូខេ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​មាន​យីហោ​( វីឡា​) ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​ កើតឡើង​នៅ​វេលា​ម៉ោង​២០​ ថ្ងៃ​ទី​៥ ខែ​​មករា​ឆ្នាំ​២០១៩។

ឧកញ៉ា​​ខាង​លើ​មាន​ឈ្មោះ វ៉ន ប៊ុន​ថៃ ហៅ ឧកញ៉ា ថៃ ជា​ អតីត​ឈ្មួញ​អ្នករក​​ស៊ី​ជួញដូរ​ឈើ​ដ៏​ល្បី​នៅ​ខេត្ត​ក្រចេះ ត្បូងឃ្មុំ មាន​លំនៅឋាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ក​ហិង្សា​លើ ​នារី​រងគ្រោះ​ឈ្មោះ​( ច ហ​) ជា​នារី​បម្រើ​ខារ៉ាអូខេ​ក្នុង​បន្ទប់​លេខ ៦៦៦៦​ផ្ទះសំណាក់​វីឡា ក្រុង​កំពង់ចាម​។



ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ មាន​ឧកញ៉ា វ៉ន ប៊ុន​ថៃ បាន​ចូល​ច្រៀង​ខារ៉ាអូខេ​ នៅផ្ទះ​សំណាក់ វីឡា ក្នុង​បន្ទប់​លេខ​៦៦៦៦។ ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​សុរា ដែល​មាន​តម្លៃ​ថ្លៃ​ចូល​ក្នុង​ពោះ​ជាច្រើន​រួចមក ទឹក​សុរាបាន​ប្តូរ​និស្ស័យ​ ឧកញ៉ា ថៃ​ប្រែក្លាយ​ជា​រស់​រវើក ប្រៀប​ដូចជា​ដៃ​មឹក រួច​ក៏​លូកលាន់​បេះបោច ច្របាច់​ខ្ញាំ​បង្ក​​ភាព​ឈឺ​ចាប់​ដល់​នារី​រងគ្រោះ ធ្វើអោយ​នាង​ទ្រាំ​មិនបាន​រត់ចេញ​ពី​បន្ទប់​ខារ៉ាអូខេ ​ទាំង​ទឹកភ្នែក​លែង​ចង់បាន​លុយ តទៅទៀត។

ប្រភព​បាន​បន្តថា បន្ទាប់មក ឧកញ៉ា ថៃ បាន​ហៅ​នារី​បម្រើ​​ខារ៉ាអូខេ​ម្នាក់ទៀត​ រួច​ក៏​ខោក​ក្បាល​លេង​ជា​ល្បែង ធ្វើ​អោយ​នារី​រងគ្រោះ ទី​២​ម្នាក់​នេះ​ក៏​ដូច​នារី​មុន​ទ្រាំ​លែង​បាន រត់​មក​ខាងក្រៅ​ទាំង​ទឹក​​ភ្នែក​រហាម។ ក្រោយពី​បង្ក​​​​ចលាចល លើ​នារី​ខារ៉ាអូខេ ​​​បាន​បន្តិច​មក​ គេ​ឃើញ​នគរបាល​ខេត្ត​កំពង់ចាម ​និង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ​​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​នាំ​ខ្លួន​លោក​ឧកញ៉ា ថៃ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ​ និង​បំពេញ​សំណុំ​បែបបទ​តាម​នីតិវិធី។



ប៉ូលិស​បានអោយ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មករា ​ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពង់ចាម ​បាន​អញ្ជើញ​ម្ចាស់ផ្ទះ​សំណាក់​វីឡា មក​បំភ្លឺ​និង​ភាគី​សងខាង​មក​សាកសួរ។

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ចាម​បាន​អោយដឹងថា ដំណោះស្រាយ​ចុងក្រោយ​គឺ​ភាគី​រងគ្រោះ​មិន​ធ្វើការ​ប្តឹងផ្តល់​អ្វី​ឡើយ គឺ​ភាគី​ចុងចោទ​អោយ ឧកញ៉ា​ថៃ​បាន​សុំទោស ជនរងគ្រោះ ហើយ​សមត្ថកិច្ច​បាន​អោយ​លោក​ឧកញ៉ា​ថៃ វិល​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​វិញ។

ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុ​ការ​ណ៍​ដ៏​អាក្រក់​នេះ ​បាន​ខឹង​នឹង​ទង្វើ​អ​សីល​ធម៌ របស់​ឧកញ៉ា ថៃ ដែល​មើលងាយ​ជាន់ឈ្លី​លើ​​កិត្តិយស​របស់​នារី​ខ្មែរ​ដោយសារ​អំណាច​ទឹកប្រាក់ តើ​ក្នុង​នោះ​វា​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​។ ប្រជាជន​បាន​បន្តថា​ពងមាន់​ទៅ​ជល់​ដុំថ្ម មិនអាច​ទៅរួច​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu