ភ្នំពេញ ៖ ដោយសារតែស្ថានភាពជំងឺហាក់គ្មានការធូរស្រាល និងបង្កឲ្យមានការព្រួយបារម្ភខ្លាំង តារាកំប្លែងវ័យចំណាស់ ដែលតែងបង្កភាពសប្បាយរីករាយសើចក្អាកក្អាយដល់មហាជនខ្មែរគ្រប់ស្រទាប់វ័យ នាយ សាន ម៉ៅ កាលពីថ្មីៗនេះ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យរបស់ប្រទេសថៃ។ ខណៈបច្ចុប្បន្នក្រុមគ្រួសាររបស់គាត់ក៏កំពុងជួបការខ្វះខាតខ្លាំងរហូតបង្ខំចិត្តដាក់បញ្ចាំផ្ទះ និងរថយន្តផងនោះ។
បើតាមការលើកឡើងរបស់ អ្នកនាង ចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរបានរៀបរាប់ថា តារាកំប្លែងមានប្រជាប្រិយភាពនាយ សាន ម៉ៅ ដោយការព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរហាក់មិនសូវទទួលបានផល និងកាន់តែមានការព្រួយបារម្ភចំពោះសុខភាពផងនោះ មុននេះនាយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យមួយកន្លែង នាទឹកដីប្រទេសថៃ។
អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយបញ្ជាក់បែបនេះថា ពេលនេះ លោកពូ សាន ម៉ៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ដែលស្ថិតនៅខេត្តស៊ីសាកេត ប្រទេសថៃ កំឡុងពេលលោកពូព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសខ្មែរក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល២១ថ្ងៃ គាត់ចំណាយអស់ជិត១០.០០០ម៉ឺនដុល្លារ។
គ្រួសាររបស់លោកពូបានយកផ្ទះ និង ឡាន ទៅបញ្ចាំបានថវិកាចំនួន១៥.០០០ដុល្លារ ដើម្បីយកលោកពូទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។
តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា ហើយមកដល់ពេលនេះ គឺគាត់បានចំណាយលើថ្លៃរថយន្តសង្គ្រោះពី ភ្នំពេញដល់ព្រំដែនខ្មែរថៃអស់៣.០០០ដុល្លារ ហើយថ្លៃរថយន្តសង្គ្រោះពីព្រំដែនខ្មែរថៃ ទៅខេត្តស៊ីសាកេត ប្រទេសថៃ គឺចំណាយអស់ជាង៧.០០០បាតនេះ គ្រាន់តែថ្លៃរថយន្តដឹកអ្នកជំងឺទេ ថ្លៃព្យាបាលគឺមិនទាន់ដឹងនៅឡើយទេ។ ពេលនេះ ស្ថានភាពរបស់លោកបានធូរបន្តិចហើយ។ ខ្ញុំសូមជូនពរឲ្យលោកពូឆាប់ជាពីជំងឺទាំងឡាយ។
សូមបញ្ជាក់ថា តារាកំប្លែង នាយ សាន ម៉ៅ កាលពីថ្មីៗកន្លងនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយភ្លាមៗនោះ ក៏បានធ្វើឲ្យមហាជន និងអ្នកសិល្បៈរួមអាជីពជាច្រើនបង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាព ខណៈខ្លះទៀតក៏បានជូនពរឲ្យតារាកំប្លែងរូបនេះឆាប់ជាសះស្បើយពីជំងឺផងនោះ៕
Source: Kampuchea Thmey Daily
0 Comments