Ad Code

ក្រសួង​ការងារ​ នឹង​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ នៅ​ទូទាំង​ប្រទេស​



​ភ្នំពេញ​ ៖​ នៅ​ឆ្នាំ​២០១៩​នេះ ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នឹង​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​។​

លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​ ក្រសួង​នឹង​ធ្វើ​ទំនើបកម្ម​ទៅលើ​កម្មវិធីសិក្សា ពង្រឹង​គុណភាព​គ្រូ​ និង​ថ្នាក់ដឹកនាំ​ នៅ​តាម​អង្គភាព​បណ្ដុះបណ្ដាល​នានា​ ដើម្បី​ស្រប​ទៅ​តាម​ការវិវត្តន៍ ​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់​ទី​៤​ ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ប្រើ​បច្ចេកវិទ្យា​អ៊ីនធឺណិត​។​

លោក​បណ្ឌិត​បាន​បន្តថា​ «​គោលដៅ​ឬ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ គឺ​ផ្អែក​ទៅ​លើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ​គឺ​ការ​កែទម្រង់​ស៊ី​ជម្រៅ ​ដូច្នេះ​ដើម្បី​អាច​អភិវឌ្ឍន៍​គុណភាព​នេះ​បាន​លុះត្រា​យើង​តម្រូវ​ឲ្យ​ពិនិត្យឡើងវិញ​នូវ​រចនាសម្ព័ន្ធ យន្តការ​ក៏ដូចជា​សមត្ថភាព​ដើម្បី​ធ្វើ​កំណែ​ទម្រង់​មួយ​នៅតាម​អង្គភាព​ ហើយ​កំណែ​ទម្រង់​នេះ​ ទាំង​គុណភាព ​កម្មវិធី​សិក្សា គុណភាព​គ្រូ​ និង​អ្នកដឹកនាំ​ជា​កញ្ចប់​មួយ​ដែល​យើង​នឹង​អនុវត្ត​នៅ​ឆ្នាំ​ថ្មី​នេះ ហើយ​សង្ឃឹមថា​តាមរយៈ​នេះ​នឹង​ធ្វើ​ឲ្យ​គុណភាព​កើន​ឡើង​»​។​

លោក​បណ្ឌិត បាន​បន្ថែមទៀតថា ​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បច្ចេកទេស​នេះ​ គឺ​ផ្តោត​សំខាន់​ទៅលើ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ យន្តការ ​និង​បុគ្គល​ នៃ​អង្គភាព​បណ្ដុះបណ្ដាល​នីមួយៗ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ និង​ផលិតភាព​ការងារ​នៅ​ក្នុង​វិស័យ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

ជាមួយគ្នានេះដែរ ​លោក​បណ្ឌិត​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​រដ្ឋ​ និង​ឯកជន​ទាំងអស់​ ត្រូវ​ធ្វើ​ទំនើបកម្ម​ទាំង​កម្មវិធី​សិក្សា​ និង​សម្ភារៈ​ដើម្បី​បណ្ដុះបណ្ដាល​ដល់​សិស្ស​ និស្សិត ​ឲ្យ​កាន់​តែ​មាន​សមត្ថភាព​ខ្ពស់​ថែមទៀត​ សំដៅ​ចូលរួម​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ ទៅ​មធ្យម​កម្រិត​ខ្ពស់​ នា​ឆ្នាំ​២០៣០​ខាងមុខនេះ​។​

លោក ណុប នរិន្ទ ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​បច្ចេកទេស​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឯកជន​បាន​ថ្លែង ​កាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែមករា​ ឆ្នាំ​២០១៩​ ដោយ​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ដែល​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​បណ្ដុះបណ្ដាល​នេះ​ ព្រោះ​នឹង​ជួយ​ឲ្យ​យុវជន​កម្ពុជា​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​បាន​ច្បាស់លាស់ ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ​និង​ប្រកបមុខរបរ​អាជីវកម្ម​ដោយ​ខ្លួនឯង​។​

លោក​បាន​សន្យា​ថា ​នឹងធ្វើ​ការណែនាំ​ដល់​គ្រូ​ស្ថាន​បណ្ដុះបណ្ដាល​ឯកជន ​ត្រូវ​ធ្វើ​ទំនើបកម្ម​ទាំង​កម្មវិធី​សិក្សា​ និង​សម្ភារៈ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​នេះ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

ចំណែក​ លោក ឈឹម ម៉ូ​លី នាយក​វិទ្យាស្ថាន​បច្ចេកទេស​ជួសជុល​រថយន្ត​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៧​មករា​ឲ្យ​ដឹង​ដែរ​ថា ​វិទ្យាស្ថាន​របស់លោក​ បានធ្វើ​កំណែ​ទម្រង់​រួចហើយ​ ដើម្បី​បណ្ដុះបណ្ដាល​​ធន​ធាន​មនុស្ស​ស្របទៅតាម​បច្ចេកវិទ្យា​សម័យថ្មី​នេះ​ដូចជា ​បង្ហាត់បង្រៀន​ដល់​សិស្ស​ឲ្យ​អនុវត្ត​ផ្ទាល់​ទៅ​លើ​ការ​ជួសជុល​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០១៧ ​និង​២០១៨​តែម្ដង ​ដើម្បី​ឲ្យ​សិស្ស​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​។​

លោក ឈឹម ម៉ូ​លី បាន​បន្ត​ទៀត​ថា ​ក្រៅពីនេះ​ វិទ្យាស្ថាន ​ក៏បាន​ចូលរួម​បណ្ដុះបណ្ដាល​ដល់​គ្រូ​ផ្នែក​ជួសជុល​រថយន្ត​មកពី​អង្គភាព​សាលា​រដ្ឋ​នានា​ដើម្បី​យក​ទៅ​បង្រៀន​បន្ត​ដល់​សិស្ស​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន ​វិទ្យាស្ថាន ​និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បច្ចេកទេស​ ដែល​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​សរុប​ចំនួន​៣៩​កន្លែង​នៅ​ទូទាំង​ប្រទេស​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu