ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានណែនាំដល់យុវជនជំនាន់ក្រោយ ត្រូវតែចងចាំនូវសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ៣លាននាក់និងត្រូវតែរួមគ្នាការពារកុំឲ្យរបបដ៏ឃោរឃៅបែបនេះកើតមានជាថ្មីលើទឹកដីកម្ពុជា។
ថ្លែងក្នុងឱកាសដឹកនាំយុវជនជាសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាជាង២០០នាក់ ចូលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង ឯកកាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ក្នុងនាមយើងជាជនជាតិខ្មែរ យើងមិនគួរបំភ្លេចជាដាច់ខាតចំពោះវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋខ្មែរចំនួន ៣លាននាក់ ដែលត្រូវបានគេកាប់សម្លាប់យ៉ាងអយុត្តិធម៌ និងព្រៃផ្សៃជាទីបំផុត។
សោកនាដកម្មនាសម័យនោះ គឺជាប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលយើងពិតជាមិនអាចបំភ្លេចបានទេនូវអ្វី ដែលប្រជាពលរដ្ឋបានរងគ្រោះនៅសម័យនោះ យើងនឹងប្រែក្លាយសោកនាដកម្មនោះ ទៅជាមេរៀនទុកជាប់ក្នុងចិត្ត និងដាច់ខាតមិនឲ្យវាអាចកើតឡើងបានម្តងទៀតនោះទេ»។
លោក ហ៊ុន ម៉ានី បានណែនាំដល់យុវជនត្រូវតែស្វែងយល់ឲ្យបានស៊ីជម្រៅពីសម័យខ្មែរក្រហម។ តើសម័យនោះ វាមានការឈឺចាប់ដល់កម្រិតណា? ហើយក្នុងនាមជាអ្នកបន្តវេននៅពេលអនាគតនោះ យុវជនត្រូវតែដឹងពីប្រវត្តិសាស្ត្រ ហើយត្រូវការពារដាច់ខាតមិនឲ្យកម្ពុជាធ្លាក់ទៅក្នុងសោកនាដកម្មនោះទៀតជាដាច់ខាត ទោះបីជាក្នុងរូបភាពណាក៏ដោយ។
ជាមួយការនឹករលឹកដល់ប្រវត្តិឈឺចាប់ និងខ្លោចផ្សាពីអតីតកាលនោះ លោក ហ៊ុន ម៉ានី ក៏បានរំលឹកពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល៤០ឆ្នាំមកនេះ ក្រោយពេលបានតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហម។
លោក ហ៊ុន ម៉ានី បានថ្លែងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដោយបានបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះនោះ កំពុងតែត្រៀមខ្លួននាំកម្ពុជាចូលក្នុងយុគសម័យឌីជីថល ដែលនេះហើយគឺបានបង្ហាញថា រាជរដ្ឋាភិបាលមិនត្រឹមតែបានគិតពីរឿងប្រវត្តិសាស្ត្រនោះទេ ថែមទាំងបានគិតគូរពីអនាគតរបស់ប្រទេសជាតិផងដែរ។
លោក ហ៊ុន ម៉ានី បានសុំឲ្យប្រជាពលរដ្ឋផ្តល់តម្លៃលើសច្ចភាពសង្គម និងប្រវត្តិសាស្ត្រ ដោយត្រូវពិចារណាថ្លឹងថ្លែងថា កម្ពុជាមានដូចសព្វថ្ងៃបានចាប់ផ្តើមចេញពីចំណុចណា?
លោកបានបន្ថែមថា «ចំពោះអ្នកណាដែលព្យាយាមបំភ្លេចអតីតកាលនេះ គឺជាសិទ្ធរបស់ពួកគេនោះទេ ប៉ុន្តែដើម្បីនឹកឃើញថា តើប្រទេសកម្ពុជា បានមកដល់ថ្ងៃនេះ បានកើតចេញមកពីណាខ្លះ ក៏យើងគួរតែនឹកឃើញដល់អ្នក ដែលបានលះបង់ជីវិត ដើម្បីធ្វើឲ្យប្រទេសបានមកដល់ពេលនេះដែរ ហើយចំពោះប្រទេសជាតិបានសម្បូរសប្បាយដល់ពេលនេះ ក៏យើងមិនគួរណាបំភ្លេចនូវសោកនាដកម្មផងដែរ»។
គួរបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានប្រជាពលរដ្ឋខ្មែរប្រមាណជា៣លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើទារុណកម្ម ការធ្វើការហួសកម្លាំងដោយអត់ចំណីអាហារ ជំងឺតម្កាត់ផ្សេងៗ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ថា ក្បត់អង្គការ ឬលួចចំណីអាហារហូបចុកព្រោះតែក្តីស្រេកឃ្លានជាដើម៕
Source: Kampuchea Thmey Daily
0 Comments