Ad Code

លោក​បណ្ឌិត ខៀវ កុសល ធ្វើ​បទ​បង្ហាញ​អំពី “​ចង្កៀង​គោម​បុរាណ​ខ្មែរ​”



​ភ្នំពេញ ៖ លោក​បណ្ឌិត ខៀវ កុសល អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បានធ្វើ​បទ​បង្ហាញ​អំពី ​”​ចង្កៀង​គោម​បុរាណ​ខ្មែរ​”​ កាលពី​ពេល​ថ្មីៗ​នេះ​ថា តាម​និយមន័យ​វចនានុក្រម​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត «​ចង្កៀង​»​មាន​ន័យថា ប្រដាប់​សម្រាប់​ដាក់​ខ្លាញ់ ឬ​ប្រេង​អុជ​បំភ្លឺ គឺ​ប្រទីប​, ចង្កៀងខ្លាញ់​, ចង្កៀងប្រេងកាត​ជាដើម​។​

ចំណែក​ឯ​ពាក្យ «​គោម​» មានន័យថា ប្រទីប​មាន​ឡត​, មាន​ប្រឆេះ​, មាន​លំផូង​, មាន​ច្រើនបែប​ច្រើន​យ៉ាង​រូបរាង​សណ្ឋាន​ផ្សេងៗ​គ្នា​។ គោម​សម្រាប់​ប្រើ​កាន់ លើកដាក់​បាន ហៅថា គោមដៃ​, សម្រាប់​ព្យួរ​ហៅថា គោម​ព្យួរ​...​។ គោម​មួយទៀត​ជា​គោមហោះ គោម​ធ្វើ​អំពី​ក្រដាស​ស្តើង​មាន​សណ្ឋាន​ស្រដៀង​នឹង​ជាល អ​ម្រែ​ក​សម្រាប់​អុជ​បង្ហោះ​ទៅ​ឯអាកាស​។ ​

សម័យបុរាណ ​ប្រជាពលរដ្ឋ​ខ្មែរ ​តែងតែ​និយម​ប្រើប្រាស់​ចង្កៀង គោម​។ ចង្កៀង គោម​ជា​ប្រដាប់​សម្រាប់​បំភ្លឺ​តាម​លំនៅឋាន​នានា​ទៅតាម​ប្រភេទ​នៃ​លំនៅឋាន​នោះ​។ ចង្កៀង គោម ចង្កៀង​គោម​មាន​លក្ខណៈ​ជា​ពីរ​ផ្នែក ផ្នែក​ចល័ត និង​ផ្នែក​អចល័ត​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​គេ​ចង់បាន ហើយក៏​ទៅតាម​លក្ខណៈ​លំនៅឋាន​របស់គេ​ដែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​ទី​អាវាស​វត្ត (​អារាម​ដ្ឋា​ន​) ក៏​អាច​ប្រើ​របស់​ដូចខាងលើ​នេះដែរ​ ដែលជា​វត្ថុ​ប្រើប្រាស់​ម្យ៉ាង​ទៅតាម​តម្រូវការ​ដូចជា​ ការអុជ​បំភ្លឺ និមិត្តសញ្ញា ឬក៏​ជំនឿ​ទៅតាម​តំបន់​នានា​ទូទាំង​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​នេះ ដោយ​មានការ​ជឿនលឿន​តាម​បច្ចេកវិជ្ជា​សម័យ​ទំនើប​របស់​អស់ទាំងនោះ ស្ទើរតែ​បាត់បង់​សាបសូន្យ​អស់​ទៅហើយ​ គឺ​មកពី​យើង​អភិវឌ្ឍ​មិនបាន​នឹកឃើញ​ដល់​ការអភិរក្ស​។ ប៉ុន្តែ​នៅ​ក្នុង​បទ​អន្តរាគមន៍​នេះ ខ្ញុំបាទ​សូម​លើក​យកមក​ធ្វើ​បទ​បង្ហាញ​អំពី​ខ្លឹមសារ អត្ថន័យ អត្ថរស សម្ភារៈ​ទាំងនេះ ព្រមទាំង​រូបភាព​មក​បង្ហាញ​ដើម្បី​ជា​សក្ខីភាព​រក្សា និង​អភិរក្ស​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ឲ្យ​ស្គាល់​ឲ្យ​ដឹង ឲ្យ​ឮ ឲ្យ​យល់ អំពី​អ្វី​ទៅ​ដែល​ហៅថា​បុរាណវត្ថុ​។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ សម័យ​ជឿនលឿន​ ដែល​ធ្វើបាន​យន្តហោះ​ក្នុង​សតវត្សរ៍​ទី​២១ យើង​នេះ​ក៏​គេ​សិក្សា​យក​ពី​យន្តហោះ​ជំនាន់​ដើម​ដែរ​។ យ៉ាងណាមិញ ចង្កៀង គោម នេះ​ហើយ ​គឺជា​ជីដូន​ជីតា (​សម្ភារៈ​ប្រើប្រាស់​) របស់​អំពូល​អគ្គិសនី ពិល​បំភ្លឺ​បច្ចុប្បន្ន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu