Ad Code

ក្រសួងយុត្តិធម៌​ បាន​ផ្តល់​សៀវភៅ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ ក្នុង​ពិព័រណ៍​៣​ថ្ងៃ នៅ​វិមាន ឈ្នះ ឈ្នះ​



ភ្នំពេញ​ ៖ លោក ទិ​ត សារឿន អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ការ​តាំង​ពិព័រណ៍​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន ឈ្នះ ឈ្នះ មាន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ប្រមាណ​ជាង​១​ម៉ឺន​នាក់ បាន​ចូលមក​យក​សៀវភៅ​ច្បាប់ ដែល​ផ្សព្វផ្សាយ​ចែក​ជូន​ដោយ​ក្រសួងយុត្តិធម៌​។​

លោក​អគ្គលេខាធិការ​ក្រសួងយុត្តិធម៌​រូបនេះ​បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រសួង​យុត្តិធម៌​មានការ​ផ្តល់នូវ​សៀវភៅ​ច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ខណៈ​កន្លងមក​ធ្លាប់បាន​ផ្តល់​ជូន និង​ផ្សព្វផ្សាយ​ចែក​ឲ្យ​បានត្រឹមតែ​មន្ត្រី អ្នក​អនុវត្ត​ច្បាប់ និង​និស្សិត​មួយ​ចំនួន​ប៉ុណ្ណោះ​។

លោក​បន្តថា ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និង​មន្ត្រីរាជការ​គ្រប់​ស្រទាប់​វណ្ណៈ ដែល​បាន​ចូលមក​យក​សៀវភៅ​ច្បាប់ នៅ​បញ្ជរ​ស្តង់​ពិព័រណ៍​ក្រសួងយុត្តិធម៌ ក្រសួង​បាន​ចែកជូន​ដោយ​មិន​គិត​ថ្លៃ ដើម្បី​អបអរ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ និង​អបអរ​ទិវា​ខួប​២០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ទាំងស្រុង ដែល​រាជរដ្ឋាភិបាល​ប្រារព្ធ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី ២៩ ដល់​៣១​ធ្នូ​។​

លោក កែ ធឿន ប្រជាពលរដ្ឋ​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង បាន​សុខចិត្ត​ឈរ​ជា​ជួរ​ក្នុងចំណោម​មនុស្ស​ជាច្រើន ដើម្បី​រងចាំ​ទទួលបាន​សៀវភៅ​ច្បាប់​នានា ដែល​ចែកជូន​ដោយ​ឥតគិតថ្លៃ​ពី​ក្រសួង​យុត្តិធម៌ នា​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​អបអរ​ទិវា​ខួប​២០​ឆ្នាំ នៃ​នយោបាយ ឈ្នះ ឈ្នះ របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

ចំណែក​ព្រះ​តេជគុណ ឃាង​លី ចាន់​ថេ​ង គង់នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ រាជធានី​ភ្នំពេញ មាន​ពុទ្ធដីកា​ថា សៀវភៅ​ច្បាប់​គោល​របស់​កម្ពុជា ដូចជា​ ៖ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី នីតិវិធី និង​ការ​ប្រព្រឹត្តទៅ​របស់​តុលាការ​ជាដើម​នោះ ជា​ប្រភព​ផ្តល់នូវ​ពុទ្ធិ​មួយ​ដ៏​សំខាន់​នៅក្នុង​វិស័យ​យុត្តិធម៌ និង​តុលាការ​។

កញ្ញា ស្រី​ណាក់ និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​បាន​អ្នកសារព័ត៌មាន​យើង​ដោយ​ទឹកមុខ​ញញឹម​រីករាយ​ថា សៀវភៅ​ច្បាប់​ទាំងនេះ ​សុទ្ធតែជា​សៀវភៅ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ជា​ប្រភព​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu