ភ្នំពេញ ៖ តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្មថោន ម្ចាស់បទបេះដូងអើយ លោក ខេម ថ្មីៗនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំងដល់មហាជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលដែលរូបថតមួយសន្លឹកស្ថិតក្នុងស្ថានភាពហាក់មានរបួសលើដៃរហូតមានឈាមស្រោចលើខ្លួនផងនោះ ត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក។
ចំពោះភាពភ្ញាក់ផ្អើល និង ក្តីព្រួយបារម្ភរបស់មហាជននាពេលនេះ បានកើតឡើងភ្លាមៗ ខណៈដែលសាមីខ្លួនលោក ខេម បានធ្វើការបង្ហោះរូបថតមួយសន្លឹកភ្ជាប់ជាមួយការសរសេរប្រយោគមួយឃ្លាយ៉ាងខ្លីថា ទៀតហើយខ្ញុំ ខុសបច្ចេកទេស។ ត្រឹមតែសារខ្លីភ្ជាប់នឹងរូបភាពមួយសន្លឹកនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញពីការចាប់អារម្មណ៍ ព្រមជាមួយការចោទសួរលើករណីនេះផងដែរ។
បើផ្អែកតាមសារលើកឡើងជាសំណួរសួរទៅកាន់លោក ខេម ពីសំណាក់មហាជនបាននិយាយស្រដៀងគ្នាថា តើលោក ខេម មានបញ្ហាអ្វី? ហើយស្នាមរបួសនិងឈាមនេះជាការពិតឬត្រឹមតែការថតសម្តែងប៉ុណ្ណោះ?។ ប៉ុន្តែយ៉ាងណាមិញនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេថាករណីនេះត្រឹមតែជាការសម្តែងឬយ៉ាងណានោះ ខណៈមានទស្សនិកជនខ្លះទៀត បានធ្វើការរិះគន់ចំពោះលោក ខេម ផងនោះ។
ជាក់ស្តែងភ្លាមៗនេះដែរ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួន បានធ្វើការរិះគន់ស្រដៀងគ្នាលើតារាចម្រៀងលោក ខេម ជុំវិញការបង្ហោះរូបថតនោះថា ខេម គួរតែទៅពេទ្យទោះពិតឬមិនពិតក៏ដោយមិនបាច់post រូបអញ្ចឹងៗអោយមហាជនឃើញទេ ព្រោះវាបញ្ជាក់ច្បាស់ណាស់ថា ខេមកំពុងតែទាញការចាប់អារម្មណ៍ពីមហាជន។ ខ្ញុំមិនយល់ទេ ម្នាក់ថា អញ្ចេះម្នាក់ថាអញ្ចុះតើមានរឿងអ្វីឲ្យពិតប្រាកដទៅ ជួយបកស្រាយផង ខេម។ រីឯខ្លះទៀតថាហ៊ឹម...បង្ហោះចង់បានLike cmt (Comment)ពេកហើយកុំយកក្ដីបារម្ភរបស់ហ្វេនអ្នកគាំទ្រមកលេងសើច។ បោកសមដែរតើបង ខេម ហើយក៏សរសើរហ្វេនដែលខមមិន ដែលគាត់លង់អត់ចេះមើល។
គិតរហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការបញ្ជាក់បន្ថែមដើម្បីស្រាយចម្ងល់របស់មហាជនពីសំណាក់តារាចម្រៀងលោក ខេម នៅឡើយទេ ស្របពេលដែលការបង្ហោះរូបភាពបែបនេះគឺបង្កការភ្ញាក់ផ្អើលនិងក្តីបារម្ភចំពោះមហាជនខ្លាំង។ ខណៈដែលមានការរិះគន់មួយចំនួនយល់ថានេះគ្រាន់តែការសម្តែងប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments