ប្រមុខចារកម្មអាមេរិកបានជំទាស់នឹងការអះអាងអំពីគោលនយោបាយការបរទេសសំខាន់ៗមួយចំនួនរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ ដែលនេះបានគូសបញ្ជាក់ពីការបែកបាក់ជាបន្តបន្ទាប់ចំពោះទស្សនៈរបស់លោកអំពីពិភពលោក។
នៅក្នុងសវនាការមួយស្តីពីការគំរាមកំហែងជាសកលនៅឯគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភា, ចារកម្មកំពូលៗរបស់ប្រទេសបានលើកឡើងពីការអះអាងរបស់លោក Trump ដែលថា ក្រុមរដ្ឋឥស្លាមបានទទួលបរាជ័យហើយថា កូរ៉េខាងជើងអាចជឿជាក់ថានឹងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ពួកគេក៏បានជំទាស់ចំពោះការអះអាងរបស់លោក Trump ផងដែរដែលថា ក្រុងតេរ៉ង់កំពុងស្វែងរកអាវុធនុយក្លេអ៊ែរយ៉ាងសកម្មដែលនេះជាហេតុផលសម្រាប់លោក Trump ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាពហុភាគីមួយស្តីពីបញ្ហាប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុន។
ហើយពួកគេបានគូសបញ្ជាក់ម្តងទៀតថា ប្រទេសរុស្ស៊ីបានជ្រៀតជ្រែកយ៉ាងជ្រៅជំនួសមុខឲ្យលោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ហើយអាចត្រូវបានគេរំពឹងថានឹងធ្វើដូចនេះទៀតនៅឆ្នាំ២០២០។ រឿងទាំងនេះ ត្រូវបានលោក Trump បដិសេធម្តងហើយម្តងទៀត។
សវនាការនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក Trump បានលើកឡើងអំពីជ័យជម្នះលើក្រុមរដ្ឋឥស្លាមដើម្បីគាំទ្រដល់ការប្រកាសភ្លាមៗរបស់គាត់អំពីការដកទ័ពភ្លាមៗចេញពីប្រទេសស៊ីរីដែលជាទង្វើមួយបានបង្កឲ្យមានការព្រួយបារម្ភដល់បញ្ហាការពាររបស់អាមេរិកនិងសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា។
ហើយវាបានកើតឡើងប៉ុន្មានសប្តាហ៍មុនពេល Trump រៀបចំកិច្ចប្រជុំកំពូលជាលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនដើម្បីចរចាអំពីក្តីសង្ឃឹមមួយសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់រដ្ឋផ្តាច់ការមួយនេះ។
លោក Dan Coats នាយកស៊ើបការណ៍សម្ងាត់ជាតិបានប្រាប់គណកម្មាធិការថា សហគមន៍ចារកម្មរបស់អាមេរិកជឿថា វាមិនទំនងទេដែលថាក្រុងព្យុងយ៉ាងនឹងយល់ព្រមរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
លោក Coats និយាយថា “យើងបន្តវាយតម្លៃថា កូរ៉េខាងជើងមិនទំនងជាបោះបង់អាវុធនុយក្លេអ៊ែរនិងសមត្ថភាពផលិតកម្មរបស់ខ្លួនទេថ្វីបើខ្លួនកំពុងស្វែងរកការចរចារអំពីវិធានការរំសាយនុយក្លេអ៊ែរដោយផ្នែកដើម្បីទទួលបានសម្បទានសំខាន់ៗពីសហរដ្ឋអាមេរិកនិងអន្ដរជាតិក៏ដោយ។ មេដឹកនាំរបស់កូរ៉េខាងជើងយល់ឃើញថា សមត្ថភាពនុយក្លេអ៊ែរគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះការរស់រានមានជីវិតរបស់របបនេះ”។
របាយការណ៍នេះក៏បានព្រមានផងដែរថា ក្រុមរដ្ឋឥស្លាមមិនងាយកម្ចាត់ទេហើយអាចងើបឡើងវិញបានយ៉ាងលឿនដោយការចាកចេញរបស់កងកម្លាំងសហរដ្ឋអាមេរិកហើយបន្តការវាយប្រហារជាសកលសាជាថ្មីនិងចាប់ផ្តើមម៉ាស៊ីនឃោសនារបស់ខ្លួនឡើងវិញ៕ AFP
Source: Kampuchea Thmey Daily
0 Comments