ប៉ៃលិន ៖ កាលពីវេលាម៉ោង១៧ និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមិនស្គាល់ម៉ាក បុកបុរសថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម លើកំណាត់ផ្លូវលំមួយខ្សែក្នុងភូមិអូរចិតប្រាំ ចំណុចវាលចែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈបុរសរងគ្រោះស្រវឹងស្រាដើរដេកកណ្តាលផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់តែម្តង ដោយពលរដ្ឋរស់នៅចំណុចខាងលើអំពាវនាវរកសាច់ញាតិ ដើម្បីយកបុរសរងគ្រោះ។
បុរសរងគ្រោះឈ្មោះ មឹក អឿន ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់មិនពិតប្រាកដ(គ្មានសាច់ញាតិ) មានស្រុកកំណើតនៅផ្ទះលេខ១៤២ ក្រុមទី០៦ ភូមិព្រៃផ្តៅ ឃុំតាក្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមលោក ចេង តូ មេភូមិវាលចែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ បានរៀបរាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ ដើរចុះឡើងរកផ្ទះអ្នកភូមិ ដើម្បីអង្គុយលេង ដោយខ្លួន(ជនរងគ្រោះ)ស្រវឹងស្រាស្រាប់ទៅហើយដែរ លុះដល់ពេលព្រលប់បុរសរងគ្រោះ ក៏ដើរចេញពីផ្ទះមិនដឹងទៅទីណានោះទេ។
ប្រភពព័ត៌មាន បានបន្តថា៖ រហូតដល់វេលាកើតហេតុខាងលើ ស្រាប់តែប្រជាពលរដ្ឋក្នុងភូមិ ប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅកណ្តាលផ្លូវ សង្ស័យរថយន្តមិនស្គាល់ម៉ាកបុក ព្រោះនៅកន្លែងកើតហេតុ មានស្នាមរថយន្តបរកាត់ ហើយរបស់របរជនរងគ្រោះរាយប៉ាយពេញផ្លូវ ផងដែរ។ជាមួយគ្នានេះលោក និងប្រជាពលរដ្ឋក្នុងភូមិ សូមអំពាវនាវ តាមរយៈសារព័ត៌មាន ស្វែងរកសាច់ញាតិជនរងគ្រោះផង ព្រោះរហូតមកដល់វេលាម៉ោងជិតមួយនេះ មិនទាន់មាននរណាម្នាក់ស្គាល់នោះទេ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានអ្នកចាត់ចែងធ្វើបុណ្យបណ្តើរៗហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments