តុលាការកំពូលរបស់ប្រទេសវេណេហ្ស៊ូអេឡាបានហាមឃាត់ប្រធានាធិបតី ដែលប្រកាសដោយខ្លួនឯងលោក Juan Guaido មិនឲ្យចាកចេញពីប្រទេសនេះ ហើយបានបិទគណនីធនាគាររបស់គាត់កាលពីថ្ងៃអង្គារ ខណៈមេដឹកនាំលោក Nicolas Maduro កំពុងព្យាយាមបន្សាបមេដឹកនាំគណបក្សប្រឆាំងដែលគាំទ្រដោយអាមេរិករូបនេះ។
ប្រធានតុលាការកំពូលលោក Maikel Moreno បាននិយាយថា ប្រមុខរដ្ឋសភាជាតិវ័យ៣៥ឆ្នាំរូបនេះត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសរហូតដល់ការបញ្ចប់ការស៊ើបអង្កេតបឋមអំពីករណីបង្កគ្រោះថ្នាក់ដល់សន្តិភាពនៅក្នុងសាធារណរដ្ឋមួយនេះ។
តុលាការនេះគឺពោរពេញទៅដោយអ្នកស្មោះស្ម័គ្រនឹងលោក Maduro។
ការហាមឃាត់នេះបានកើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានបង្ហាញថា លោក Guaido ត្រូវបានប្រគល់ការគ្រប់គ្រងលើគណនីធនាគារអាមេរិករបស់វេណេហ្ស៊ូអេឡា។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចុះហត្ថលេខាលើបទបញ្ជានេះកាលពីសប្តាហ៍មុនដែលក្រោយមកគឺជាការដាក់ទណ្ឌកម្មរបស់អាមេរិកដែលផ្ដោតលើក្រុមហ៊ុន PDVSA ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រដ្ឋវេណេហ្ស៊ូអេឡានិងជាប្រភពរូបិយប័ណ្ណចម្បងរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសលោក Robert Palladino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បញ្ជានេះនឹងជួយរដ្ឋាភិបាលស្របច្បាប់របស់វេណេហ្ស៊ូអេឡាដើម្បីការពារទ្រព្យសម្បត្តិទាំងនោះសម្រាប់ជាប្រយោជន៍ដល់ប្រជាជនវេណេហ្ស៊ូអេឡា”។
លោក Guaido ដែលត្រូវបានទទួលស្គាល់ថាជាប្រធានាធិបតីបណ្តោះអាសន្នដោយប្រធានាធិបតីអាមេរិកលោក Donald Trump នោះគឺបានផ្ញើសារមួយទៅតុលាការកំពូលរបស់ប្រទេសនៅលើ Twitter ដោយព្រមានថា “របបនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ”។
នៅទីក្រុងវ៉ាស៊ីនតោន ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump បានព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសវេណេហ្ស៊ូអេឡា។
នៅថ្ងៃទី២៣ខែមករា លោក Guaido បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីហើយបានសន្យាថានឹងដឹកនាំរដ្ឋាភិបាលអន្តរកាលមួយដែលនឹងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ដើម្បីរក្សាសម្ពាធ លោកបានអំពាវនាវឲ្យមានបាតុកម្មទ្រង់ទ្រាយធំចំនួនពីរដងបន្ថែមទៀតប្រឆាំងនឹងរដ្ឋាភិបាលនៅសប្ដាហ៍នេះហើយបានអំពាវនាវដល់យោធាដ៏មានឥទ្ធិពលឲ្យផ្លាស់ប្តូរចិត្តគំនិតមករកគាត់វិញ។
យោងតាមការិយាល័យសិទិ្ធមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានឲ្យដឹងថា មនុស្សយ៉ាងតិច៤០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅទូទាំងប្រទេសនិងយ៉ាងតិច៨៥០នាក់ត្រូវចាប់ខ្លួនចាប់តាំងពីថ្ងៃទី២១ខែមករាមក៕ AFP
Source: Kampuchea Thmey Daily
0 Comments