បាត់ដំបង ៖ មាសសុទ្ធ ដែលជាគ្រឿងអលង្ការ សម្រាប់ដាក់លក់របស់អាជីវករនៅផ្សារមួយកន្លែង ក្នុងស្រុកគាស់ក្រឡ ត្រូវបានស្ត្រីវ័យចំណាស់ម្នាក់ បន្លំលួចយក ហើយគេចខ្លួនចេញទៅបាត់ទាំងព្រឹក ខណៈដែលស្ត្រីរូបនេះចូលមកដូរលុយនៅនឹងតូប។
ករណីលួចនេះ បានកើតឡើង កាលពីវេលា ម៉ោង ៧ ព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ នៅក្នុងផ្សារមួយកន្លែង ស្ថិតក្នុង ភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បង្កឡើងដោយជនសង្ស័យម្នាក់ជាស្ត្រីវ័យចំណាស់ ដែលបានចូលមកដូរលុយទាំងព្រឹក ខណៈដែលអ្នកលក់កំពុងរៀបចំកន្លែងតូប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា បើពិនិត្យមើលទៅលើកាមេរ៉ាសុវត្ថិភាព គឺគេសង្កេតឃើញ ស្ត្រីវ័យចំណាស់រូបនេះ បានចូលទៅដូរលុយ ខណៈដែលស្ត្រីដែលជាអាជីវករកំពុងបែរខ្នង គឺស្ត្រីដែលជាជនសង្ស័យ បានលួចយកកញ្ចប់មាសដាក់ចូលទៅក្នុងមួករួចដើរចេញយ៉ាងលឿន និងគេចខ្លួនបាត់។
របាយការណ៍បានបន្តថា មាសដែលជនសង្ស័យលួចយកទៅនោះ សរុបទាំង អស់ចំនួន១០តម្លឹង ដែល ជនរងគ្រោះមានឈ្មោះ ហ៊ីង សុផល ភេទ ប្រុស អាយុ៥៩ឆ្នាំ មុខរបរ លក់មាស និង ចាប់ហួយ រស់នៅកន្លែងកើតហេតុ ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យដើម្បីផ្ដន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments