Ad Code

រដ្ឋមន្ត្រី​សុខាភិបាល ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ពុល​ចំណីអាហារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​



ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការពុល​ចំណីអាហារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

ការ​អំពាវនាវ​នេះ ​ដោយសារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​ម្តងៗ​តែងតែមាន​ការពុល​ចំណីអាហារ​ និង​បន្លែ​ផ្លែឈើ​ផ្សេងៗ​ព្រោះថា​ពិធីបុណ្យ​នេះ ​មាន​មនុស្ស​ប្រមូល​ផ្តុំគ្នា​កកកុញ​ច្រើន​ដែលមាន​អាហារ​ស្អាត ​និង​មិន​ស្អាត​នៅ​ឡាយ​ឡំ​គ្នា​។​

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន​ផឹក​ស្អាត​រស់នៅ​ស្អាត​និង​បរិភោគ​ស្អាត​ដើម្បី​ការពារ​សុខភាព​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ដូចជា​ជំងឺ​ឈឺពោះ ជំងឺ​រាករូស​ឬ​ក្អួតចង្អោរ​ជាដើម​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ​។​

ជាមួយគ្នានេះដែរ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពិសា​ទឹកស្អាត​ឬ​ទឹក​ដាំ​ពុះ​និង​បរិភោគ​ចំណីអាហារ​ដែលមាន​អនាម័យ ត្រូវ​លាងដៃ​នឹង​សាប៊ូ​អំឡុង​មុនពេល​រៀបចំ​អាហារ មុន​បរិភោគ​និង​ក្រោយ​បន្ទោបង់ លាង​សំអាត​បន្លែ​ផ្លែឈើ សំអាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​បាន​ស្អាត​និង​ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ពិសេស​សាច់ សត្វ​ស្លាប​និង អាហារ​សមុទ្រ​។​

ទន្ទឹមនឹងនេះ​លោក​សាស្ត្រាចារ្យ​ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​ស្រា ស​ឬ​ស្រាថ្នាំ​និង​ត្រូវ​មើល​ប្រភព​ផលិត​ឲ្យ​បានច្បាស់លាស់​និង​មានការ​ទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ជាមុនសិន​មុន​ទិញ​មក​បរិភោគ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ពុល​ស្រា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឬ​អាយុជីវិត​ដោយសារ​ក្នុង​ស្រាស​ឬ​ស្រាថ្នាំ​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់ ។​

ជាងនេះទៅទៀត លោក សាស្ត្រាចារ្យ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មិនត្រូវ​ប៉ះពាល់​ដល់​សត្វ​បក្សី​ឈឺ​ឬ​ងាប់​ឬ​យកទៅ​ធ្វើ​ម្ហូបអាហារ​ឡើយ​ព្រោះ​អាច​ឆ្លង​ជំងឺផ្តាសាយបក្សី​ដោយសារ​នៅក្នុង​រដូវចូលឆ្នាំ​ចិន​មានការ​ធ្វើចរាចរ​សត្វ​បក្សី​ច្រើន​ដែល​ដឹក​មកពី​តំបន់​ជនបទ​ឬ​នាំចូល​មកពី​ប្រទេសជិតខាង​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​។​

លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ជាប្រចាំ ជាពិសេស​អ្នក​ផលិត និង​អ្នក​ចែកចាយ​បន្ត​នូវ​បន្លែ​ផ្លែឈើ​ទាំងអស់​មិនត្រូវ​ប្រើ​សារធាតុ​គីមី​ពុល​ដើម្បី​ការពារ​ដល់​សុខភាព​ប្រជាពលរដ្ឋ។

ចំណែក​លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​បាន​គាំទ្រ​ក្រ​សួង​សុខាភិបាល​ដែល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។​

តែ​យ៉ាងណាក៏ដោយ លោក​ស្នើ​ឲ្យ​ក្រសួង​គួរតែ​ផ្សព្វផ្សាយ​ពី​ប្រភេទ​ចំណីអាហារ​ឬ​ផ្លែឈើ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​បានដឹង​និង​មានការ​ប្រុងប្រយ័ត្ន​។​

ទន្ទឹមនឹងនេះ​លោក​ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ត្រូវ​បង្កើន​ការចុះ​ត្រួតពិនិត្យ​ចំណីអាហារ​ផ្លែឈើ​ដែល​នាំចូល​តាំងពី​ដើមទី​រហូតដល់​ចុង​ទី​ដើម្បី​ការពារ​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​។​

គួរ​បញ្ជាក់ថា​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៤​ទី​៥​និង​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាងមុខនេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu