ស្វាយរៀង ៖ ផ្លូវជាសរសៃឈាមសេដ្ឋកិច្ចជាតិ និងគ្រួសារ ជាស្ពានទំនាក់ទំនងរវាងពលរដ្ឋពីតំបន់មួយទៅ តំបន់ ទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យផ្សេងៗទៀត ដើម្បីធ្វើ ការអភិវឌ្ឍ ដោយឡែកផ្លូវ១ខ្សែនៅខេត្តស្វាយរៀងជាង៨០គីឡូម៉ែត្រត្រូវបានស្ថាបនាជិតរួចរាល់ហើយដើម្បីដាក់អោយពលរដ្ឋប្រើប្រាស់។
តំណាងពលរដ្ឋខេត្តស្វាយរៀង លោក សំរិតឆឺង រស់នៅ ភូមិឬស្សីអម ឃុំ ញរស្រុកកំពុងរោទិ៍នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គ មហាសេនា បតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែកាត់មកដល់ភូមិឃុំស្រុករបស់ខ្ញុំ។
លោកថា ផ្លូវមួយខ្សែនេះ កាលពីមុនជាផ្លូវដី នៅខែប្រាំងដីហុយឯនៅរដូវវស្សាដីឥដ្ឋជាប់កង់ម៉ូតូឡានពិសេស ទឹកជន់លិចបង្កដល់ការធ្វើដំណើរចេញចូលពីតំបន់មួយទៅតំបន់មួយទៀតពិបាកខ្លាំងណាស់ តែបើដឹកនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យវិញប្រើប្រាស់ពេលវេលាច្រើនម៉ោង បើអ្នកជំងឺឈឺធ្ងន់ឈានដល់ការស្លាប់តាមផ្លូវក៏ថាបាន។
ទាក់ទងទៅនឹងផ្លូវ ដែលស្ថាបនាឡើងដោយរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូននៅខេត្តស្វាយរៀង យោងតាមរបាយការណ៍ វឌ្ឍនភាព របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងបណ្ដាញរចនាសម្ពន្ធ ផ្លូវ ថ្នល់ ដែលទទួលថវិកាសម្រាប់ថែទាំពីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងឆ្នាំ ២០១៨ លើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានចុះលេខផ្លូវហើយស្ថិតនៅក្រោមការគ្រប់គ្រង របស់មន្ទីរសាធារណការនិងដឹកជញ្ជូនចំនួន១០៩ ខ្សែ រួមមានផ្លូវជាតិ ៥០ខ្សែ និងផ្លូវខេត្តចំនួន៥៩ ខ្សែ ក្នុងនោះមន្ទីរទទួលបានថវិកាជួសជុលថែទាំប្រចាំឆ្នាំ២០១៨ ចំនួន៣០ខ្សែ ដោយដំណើរការថែទាំផ្លូវថ្នល់ជាប្រចាំនៅលើ កំណាត់ផ្លូវជាតិ និងផ្លូវខេត្ត ចំនួន ៧ ខ្សែ ក្រាលកៅស៊ូ មានប្រវែងជាង១០០គីឡូម៉ែត្រ និងថែទាំជួសជុលផ្លូវក្រុងចំនួន១៩ ខ្សែ ជាប្រភេទកៅស៊ូដែរ ធានាដល់ការប្រើប្រាស់របស់ពលរដ្ឋ ១០០ ភាគរយ។
ដោយឡែក ការងារស្ថាបនាផ្លូវបំបែកពីផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែងមកដល់ផ្លូវជាតិលេខ១ក្រុងស្វាយរៀង មានប្រវែងជាង ៥០ គីឡូម៉ែត្រ និងពីផ្លូវជាតិលេខមួយ ត្រង់ទីប្រជុំជនប្រសូត្រ ស្រុកស្វាយទាប ឆ្ពោះទៅ ព្រំដែនកម្ពុជា វៀតណាម ព្រៃវល្ល័ស្រុកកំពង់រោទិ៍ មានប្រវែង ជិត ៣០ គីឡូម៉ែត្រ សម្រេចបានជាង ៨០ភាគរយ ខណៈដែលក្រុមការងារបច្ចេកទេសកំពុងស្ថាបនាកែលំអនិងដាក់ស្លាកសញ្ញាបង្គោលចំណាំគីឡូម៉ែត្រនិងត្រៀមគូសសញ្ញាចែកទ្រូងផ្លូវអោយបានរួចរាល់៕
Source: Kampuchea Thmey Daily
0 Comments