Ad Code

បើកបរ​វ៉ា​ជែង​មិន​ប្រយ័ត្ន​ទៅ​ប៉ះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ពីរ



តាកែវ​ ៖​ រថយន្ត​យី​ឌុប​ដឹកស្រូវ​មួយគ្រឿង​ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ​និង​រង​របួស​២​នាក់​ ក្រោយពី​តៃកុង​បើកបរ​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៤៥​នាទី នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​២​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​១១៧-១១៨ ចំណុច​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ រវាង​រថយន្ត​ដឹកស្រូវ​និង​ម៉ូតូ​២​គ្រឿង​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង។ ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​គីរីវង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​នីសា​ន់ ៥​តោន ពណ៌ ខៀវ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0854 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​ក្រោយ​កើតហេតុ​បាន​រត់​គេច​ខ្លួន បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រដ្ឋ​17.1-1783 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បើកបរ​ដោយ​ឈ្មោះ រស់ ស្រ៊ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ មុខរបរ​កសិករ មិន​ពាក់មួក​សុវត្ថិភាព បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក សាន់​យ៉ាន់​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ចៅ ហ៊ុម ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ប្រាសាទ ឃុំ​អង្គ​ប្រាសាទ ស្រុក​គីរីវង់ ខេត្តតាកែវ រងរបួស​ស្រាល​និង​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ពេជ្រ សាវុន ភេទ​ស្រី អាយុ​៦០ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​រងរបួស​ស្រាល​។

ប៉ូលិស​ស្រុក​គីរីវង់​បាន​បន្តថា មូលហេតុ​នៃ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក ពី​រថយន្ត​ម៉ាក​នីសា​ន់​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0854 បើកបរ​មាន​ល្បឿន​ ហើយ​ជែង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ដែល​កំពុង​ខូច ក៏បាន​បុក​ម៉ូតូ​១​គ្រឿង​ដែល​កំពុង​ធ្វើដំណើរ បញ្ច្រាស​ទិស​គ្នា​ រួច​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ ​និងរបួស​តែម្តងទៅ។

បច្ចុប្បន្ន​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ទាំង​៣​គ្រឿង​ត្រូវ​បាន​ដកហូត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ជា​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រ​គាល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu