Ad Code

អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត​លើក​ទី​២៧​ឆ្នាំនេះ ​ផ្តោត​សំខាន់​ធ្វើការ​បង្ក្រាប​សង្ឃ​ក្លែងក្លាយ​ដើរ​បិណ្ឌបាត​​តាម​ផ្សារ អធិករណ៍​ក្នុង​វត្ត



បន្ទាយមានជ័យ​ ៖ ​លោក​យិន ​យឿន​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា ​ខេត្ត​បន្ទាយមានជ័យ ​បាន​ថ្លែង​ក្នុង​ពិធី​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត​លើក​ទី​២៧​ថា ​ឆ្នាំនេះ​​ ​សំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ផ្ដោត​សំខាន់​ធ្វើការ​បង្ក្រាប​សង្ឃ​ក្លែងក្លាយ​ដើរ​ត្រាច់ចរ​បិណ្ឌបាត​តាម​ផ្សារ អធិករណ៍​ក្នុង​វត្ត​និង​បញ្ហា​គ្រឿងញៀន​នៅ​តាម​វត្ត​អារាម​ទាំងអស់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

ពិធី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​ស្វាយ​ថ្មី ស្ថិត​ក្នុង​ភូមិ កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​លោកជំទាវ​ប៉ុក​ណា​ឌី​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ព្រះឧត្តមសីលញ្ញាណ ធុល​សុធា រាជាគណៈ​ថ្នាក់​កិត្តិយស​ និង​ជា​ព្រះ​មេគណ​ខេត្ត​បន្ទាយមានជ័យ ព្រះ​វរ​មុនី វ៉ា​ចិន្តា ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស ព្រះអង្គ​ណាប់​ម៉ឺន​ព្រះ​វិន័យធម៌​គណ​ខេត្ត​និង​ព្រះ​បាឡាត់​គណ​ខេត្តបន្ទាយមានជ័យ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជាច្រើន​រយ​នាក់។

លោក​យិន​យឿន​បាន​មានប្រសាសន៍ថា ​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​បន្ទាយមានជ័យ​លើក​ទី​២៧​នេះ​គឺ​ដើម្បី​ពិនិត្យ​និង​ពិចារណា​ពិភាក្សា​គ្នា​រិះរក​យុទ្ធវិធី​ថ្មីៗ​ដើម្បី​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត ដូចជា​ការ​ផ្សព្វផ្សាយ​គោលការណ៍​គ្រឹះ​ព្រះ​ធម៌​ ព្រះពុទ្ធសាសនា សីល សមាធិ ភាវនា អប់រំ​មហាជន ប្រជាជន​ឲ្យ​បាន​យល់ដឹង​និង​ជ្រួតជ្រាប​អំពី​អ្វី​ដែល​ល្អ​និង​អ្វីដែល​អាក្រក់ វៀរចាក​អំពើ​បាប​និង​អំពើ​អបាយ​មុខ​ផ្សេងៗ​ជាដើម ស្គាល់​គុណ​ស្គាល់​ទោស​និង​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មាន​សុខសន្តិភាព។

លោក​យិន​យឿន​បាន​បន្តទៀតថា ​គ្មាន​សេចក្តីសុខ​ណា​ប្រសើរ​ជាង​សេចក្តី​ស្ងប់​ឡើយនិង​ម្យ៉ាងទៀត​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ដឹកនាំ​សង្ឃ​ការងារ​គ្រប់គ្រង​វត្ត​អារាម ការងារ​ពុទ្ធិកសិក្សា ការងារ​ផ្សព្វផ្សាយ​ព្រះ​ធ​ម៌​វិន័យ​ជាដើម​។ ​ក្នុងនោះដែរ​លោកជំទាវ​ប៉ុក​ណា​ឌី​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ ការបើក​អនុ​សំវ​ច្ឆ​រៈ​មហាសន្និបាត​មន្ត្រី​ស​ង្ឃ​ទូទាំង​ខេត្តបន្ទាយមានជ័យ​នេះ​គឺ​ដើម្បី​បូកសរុប​និង​ពិនិត្យមើល​លទ្ធផល​នៃ​ការអនុវត្ត​ស​ង្ឃ​ប្រកាស​កន្លងទៅ​និង​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ការងារ​ព្រះពុទ្ធសាសនា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​លើក​កម្ពស់​កិត្យានុភាព​ព្រះពុទ្ធសាសនា ដែលជា​សេនាធិការ​របស់​រដ្ឋ​ដើម្បី​ពង្រឹង តួនាទី​ភារកិច្ច​របស់​ព្រះ​ស​ង្ឃ​និង​វត្ត​អារាម​ទៀតផង​។

​លោកជំទាវ​ប៉ុក​ណា​ឌី​បានបញ្ជាក់​ទៀតថា​ រយៈពេល​កន្លងមក​នៅ​តាម​វត្ត​អារាម​នានា​តែងតែ​មាន​អធិករណ៍​កើតឡើង​ជា​ញឹកញាប់​ដើម្បី​រំងាប់​អធិករណ៍​នេះ​ លោកជំទាវ​បាន​ឲ្យ​មន្ទីរ​ធម្មការ​ចុះបើ​ក​វគ្គ​បណ្ដុះបណ្ដាល​គ្រប់​វត្ត​អារាម​នានា​ក្នុង​បណ្តា​ស្រុក​ទូទាំង​ខេត្ត​ឲ្យ​ចេះ​ចុះបញ្ជី​គណនេយ្យ​ឲ្យ​បានច្បាស់លាស់​ទើប​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។​ ក្នុងនោះ​លោកជំទាវ​ប៉ុក​ណា​ឌី​បាន​ឲ្យ​ប្រធាន​មន្ទីរ​ធម្មការ សហ​ការ​​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​ចុះ​បង្ក្រាប​សង្ឃ​ក្លែងក្លាយ​ ដែល​ដើរ​ត្រាច់ចរ​បិណ្ឌបាត​តាម​ផ្សារ​និង​តាមផ្លូវ​សាធារណៈ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ព្រោះ​វា​ធ្វើ​ឲ្យ​ខូច​សាសនា​ខ្លាំងណាស់​ពិសេស​មុន​នឹង​ទទួលយក​ព្រះសង្ឃ​បួស​នោះ​ត្រូវធ្វើ​ការពិនិត្យ​ទឹកនោម​។​

លោកជំទាវ​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ ​និង​ក្រើនរំលឹក​ដល់​ព្រះសង្ឃ​លោក អាចារ្យ គណៈកម្មកា​វត្ត​ទាំងអស់​មិនត្រូវ​ឲ្យ​មាន​អធិករណ៍​ក្នុង​វត្ត​ជាដាច់ខាត ​បច្ច័យ​ដែល​បាន​មកពី​ពុទ្ធបរិស័ទ​ចូលក្នុង​ពិធីបុណ្យ​ទាន​ផ្សេងៗ​នោះ ​ត្រូវ​ប្រើ​ក្នុង​ចំណូល​ចំណាយ​ឲ្យ​មាន​ខ្ទង់​ត្រឹមត្រូវ ហើយ​មិនត្រូវ​បែកបាក់​សាមគ្គី​គ្នា​នៅក្នុង​វត្ត មិនត្រូវ​ប្រកាន់​បក្សពួក​នេះ​បក្សពួក​នោះ​ជាដាច់ខាត​ដើម្បី​ប្រែក្លាយ​ទីវ​ត្ត​អារាម​ជា​កន្លែង​ថ្នាល​បណ្ដុះបណ្ដាល​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ក្លាយទៅជា​ធនធានមនុស្ស​ដែល​ជាតិ​ត្រូវការ​ចាំបាច់​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu