Ad Code

អ្នកស្លាប់​ក្នុង​ហេតុការណ៍​បាក់​ទំនប់​នៅ​ប្រេ​ស៊ី​ល​កើន​ឡើងដល់​៨៤​នាក់



ចំនួន​អ្នកស្លាប់​ដោយសារ​ការបាក់​ទំនប់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើងដល់​៨៤​នាក់​កាលពី​ថ្ងៃ​អង្គារ​ ស្រប​ពេលដែល​ក្រុមហ៊ុន​រ៉ែ Vale បានប្រកាសថា ការរុះរើ​រចនាសម្ព័ន្ធ​ស្រដៀង​គ្នា​នឹង​ប៉ះពាល់​ដល់​ផលិតកម្ម​។​

អាជ្ញាធរ​ប្រេ​ស៊ី​ល​កំពុង​បង្កើន​ការស៊ើបអង្កេត​របស់​ពួកគេ​លើ​ក្រុមហ៊ុន Vale ខណៈ​វិស្វករ​ចំនួន​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​និង​ការត្រួតពិនិត្យ​ចុងក្រោយ​នៃ​ទំនប់​នេះ​ត្រូវបាន​ចាប់ខ្លួន​តាម​បញ្ជា​របស់​រដ្ឋអាជ្ញា​នៅក្នុង​រដ្ឋ Minas Gerais ដែលជា​កន្លែង​គ្រោះមហន្តរាយ​នេះ​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​មុន​នៅ​អណ្តូងរ៉ែ​មួយ​របស់​ក្រុមហ៊ុន​។​

លោក Flavio Godinho អ្នកនាំពាក្យ​នាយកដ្ឋាន​ការពារ​ស៊ីវិល​ក្នុង​រដ្ឋ Minas Gerais បាន​និយាយថា ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ពី​៦៥​នាក់​ទៅ​៨៤​នាក់​ខណៈ​ចំនួន​អ្នក​បាត់​ខ្លួន​បាន​ធ្លាក់ចុះ​ពី​២៩២​នាក់មក​២៧៦​នាក់​។​

ការបាក់​ទំនប់​នៅ​អណ្តូងរ៉ែ Vale ក្បែរ​ទីក្រុង Brumadinho បានកើត​ឡើង​បី​ឆ្នាំ​បន្ទាប់ពី​គ្រោះមហន្តរាយ​ស្រដៀង​គ្នា​នេះ​នៅ​តំបន់​មួយទៀត​។ ការបាក់​ទំនប់​កាលពី​ឆ្នាំ​២០១៥​នៅ​ជិត​តំបន់ Mariana បានសម្លាប់​មនុស្ស​ចំនួន​១៩​នាក់​ហើយ​បង្ក​ទៅជា​អ្វីដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គ្រោះមហន្តរាយ​បរិស្ថាន​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ប៉ាន់​ស្មានថា ក្រុមប្រឹក្សាភិបាល​និង​នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន Vale អាច​នឹងត្រូវ​ជំនួស​តំណែង​។ ភាគច្រើន​នៃ​អ្នកស្លាប់​និង​បាត់​ខ្លួន​គឺជា​កម្មករ​នៅ​អណ្តូងរ៉ែ​។​

អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន Vale ចំនួន​៣​ពាន់​លាន​ដុល្លារ​ដើម្បី​បង់ប្រាក់​ពិន័យ ប្រាក់​សំណង​និង​ប្រាក់ខែ​បុគ្គលិក​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​។​

ការស្វែងរក​សាកសព​បាន​បន្ត​កាលពី​ថ្ងៃ​អង្គារ​ដោយ​ក្រុម​ទាហាន​អ៊ីស្រាអែល​បាន​ចូលរួម​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​ដែល​បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​អំពី​ការ​រាលដាល​នៃ​ភក់​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ទំនប់​នេះ​។​

បុរស​បាន​ប្រើ​ដៃ​ដើម្បី​កកាយ​ដល់​ទៅ​ជម្រៅ​១៥​ម៉ែត្រ​ដើម្បី​រក​សាកសព​ដែល​ជាប់​ក្នុង​ភក់​។ សាកសព​ទាំងនោះ​ត្រូវបាន​គេ​ច្រក​ក្នុង​ថង់​ហើយ​ត្រូវបាន​ដឹក​តាម​អាកាស​ដោយ​ឧទ្ធម្ភាគចក្រ​។​
​គ្មាន​អ្នក​នៅរស់​ណា​ម្នាក់​ត្រូវបាន​គេ​រកឃើញ​ទេ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu