Ad Code

ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ការ​ផ្ញើ​កញ្ចប់​សង្ស័យ​ទៅ​ស្ថានទូត



ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ូលិស​អូស្ត្រាលី​បាន​ចាប់ខ្លួន​បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​សម្រាប់​ការសង្ស័យ​ផ្ញើ​កញ្ចប់​អាថ៏​កំបាំង​ជាច្រើន​ទៅ​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​នៅ​ទូទាំងប្រទេស​។​

ប៉ូលិស​សហព័ន្ធ​បាន​និយាយថា បុរស​ម្នាក់នេះ​ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់គាត់​ក្នុង​តំបន់​ដាច់ស្រយាល​នៃ​រដ្ឋ Victoria កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មន្ត្រី​កុងស៊ុល​មួយចំនួន​នៅ​ទីក្រុង​មែ​ល​ប៊​ន​បានទទួល​កញ្ចប់​សង្ស័យ​។​

ពួកគេ​បាន​ចោទប្រកាន់ថា បុរស​នោះបាន​ផ្ញើ​កញ្ចប់​ចំនួន​៣៨​ទៅ​ស្ថាន​កុងស៊ុល​និង​ស្ថានទូត​នៅ​ទីក្រុង​មែ​ល​ប៊​ន កង់​បេ​រ៉ា​និង​ស៊ីដនី​។​

រហូតមកដល់​ពេលនេះ​ប៉ូលិស​បាន​រកឃើញ​កញ្ចប់​ចំនួន​២៩​ហើយ​បានកំណត់​អត្តសញ្ញាណ​អ្នកទទួល​ទាំងអស់​។ ពួកគេ​បាន​និយាយថា មិនមាន​ការគំរាមកំហែង​ជា​បន្តបន្ទាប់​ដល់​សាធារណជន​ពី​កញ្ចប់​ដែល​នៅ​សេសសល់​ចំនួន​ប្រាំបួន​ទៀត​ទេ​។​

ជនសង្ស័យ​រូបនេះ​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​តុលាការក្រុង​មែ​ល​ប៊​ន​ដើម្បី​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​បញ្ជូន​សម្ភារ​គ្រោះថ្នាក់​។ ប៉ូលិស​បាន​និយាយថា​ការចោទប្រកាន់​នេះ​មានទោស​ជាប់ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ​។​

កាលពី​ថ្ងៃ​ពុធ សេវា​គ្រាអាសន្ន​បាន​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅកាន់​កន្លែង​ការទូត​នានា​នៅ​ទីក្រុង​មែ​ល​ប៊​ន​ដែល​បានទទួល​កញ្ចប់​មាន​ផ្ទុក​សម្ភារៈ​ដែល​គេ​សង្ស័យថា​មាន​គ្រោះថ្នាក់​។​

មិនមាន​ភស្តុតាង​នៅឡើយ​ទេ​ថា​កញ្ចប់​ទាំងនោះ​មាន​គ្រោះថ្នាក់​ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការធ្វើ​តេស្ត​កោសល្យ​វិ​ច្ឆ័​យ​កំពុងតែបន្ត​ដើម្បី​កំណត់​មាតិកា​ពិត​របស់​ពួកគេ​។​

គួរ​បញ្ជាក់ថា កញ្ចប់​សង្ស័យ​ជា​លើកដំបូង​ត្រូវបាន​គេ​រកឃើញ​នៅ​ស្ថាន​កុងស៊ុល​និង​ស្ថានទូត​ចំនួន​បី​ក្នុង​ទីក្រុង​ស៊ីដនី​និង​ទីក្រុង​កង់​បេ​រ៉ា​កាលពីដើម​សប្ដាហ៍​នេះ​ដែលជា​ហេតុ​នាំ​ឲ្យ​ក្រសួងការបរទេស​ត្រូវ​ផ្ញើ​កំណត់ហេតុ​ទៅកាន់​គ្រប់​បេសកកម្ម​ការទូត​ទាំង​អស់កាល​ពីថ្ងៃ​អង្គារ​ដោយ​ជូនដំណឹង​ពួកគេ​ថា កញ្ចប់​គួរ​ឲ្យ​សង្ស័យ​ត្រូវបាន​គេ​បញ្ជូន​តាមរយៈ​សំបុត្រ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu