កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈគេឃើញរថយន្តម៉ាកហ៊ីយិនដាយ បើកបំពានភ្លើងស្តុបទៅបុកម៉ូតូពីគ្រឿងកំពុងគោរពច្បាប់ចរាចរ(ឈប់ស្រុប)ចំពីក្រោយកិនស្លាប់ម្នាក់ របួសម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃច័ន្ទ ០៨រោច ខែបុស្សឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨វេលាម៉ោង០៦ និង ០០នាទី នៅចំណុចស្តុបA9 ផ្លូវ២១កែងផ្លូវ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នគរបាលចរាចរណ៍គោលដៅភ្លើងស្តុបព្រែកសំរោង បានឲ្យដឹងថា ជនរងគ្រោះទី០១ ហេង ស្រីលក្ខណ៍ ភេទស្រី(ស្លាប់)និងឈ្មោះ សឿន ចាន់ថូ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល) អ្នកទាំងពីររស់នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ជនបង្កអ្នកបើករថយន្តឈ្មោះច្រង់ ប៊ុនឆាយ(ឃាត់ខ្លួន) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3743 បើកបររថយន្តក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្វេង (មិនឈប់ស្តុប) ក៏បានទៅបុកជាមួយម៉ូតូ០២គ្រឿង ទី០១ម៉ូតូមួយគ្រឿងម៉ាកSUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1O-6999 អ្នកបើកម៉ូតូឈ្មោះសឿន ចាន់ថូ ភេទប្រុស អាយុ២៥ឆ្នាំ ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូមួយគ្រឿងម៉ាកHONDA CUB ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកណ្ដាល1N-5927 អ្នកបើកម៉ូតូឈ្មោះហេង ស្រីលក្ខណ៍ ភេទស្រី ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងចំពីក្រោយ បណ្តាលឲ្យរថយន្តកិនស្លាប់ម្នាក់ របួសម្នាក់ នៅនិងកន្លែងកើតហេតុតែម្តង។
ភ្លាមៗកម្លាំងចរាចរណ៍បានយកមធ្យោបាយដែលពាក់ព័ន្ធទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments