Ad Code

សិស្ស​និស្សិត​៤០០​នាក់​ ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា ​និង​អាហារូបករណ៍​ នៅ​ប្រទេស​អង់គ្លេស​



​ភ្នំពេញ ​៖​ សិស្ស និស្សិត ​ជាង​៤០០​នាក់​ កាលពី​រសៀល ​ថ្ងៃទី​១៩ ​ខែមករា ​ឆ្នាំ​២០១៩​ បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា​ និង​អាហារូបករណ៍​នៅ​អង់គ្លេស​ នៅ​សាលា ACE សាខា​ទួលគោក ទីក្រុង​ភ្នំពេញ ​ដើម្បី​ទទួល​នូវ​ការ​ប្រឹក្សា ផ្ទាល់​ និង​បង្ហាញ​នៅ​ជម្រើស​សិក្សា​នានា​ នៅ​ប្រទេស​អង់គ្លេស​ស្ថាប័ន​អប់រំ​ចំនួន​ជាង​១៥ ស្ថាប័ន​មកពី​ប្រទេស​អង់គ្លេស​។​
​ ​
កម្មវិធី​ពិព័រណ៍​នេះ ​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា​ ដែលជា​ស្ថាប័ន​នាំមុខគេ​ជុំវិញ​ពិភព​លោក​ក្នុង​ការផ្តល់​ប្រឹក្សា​ព័ត៌មាន និង​ក្នុង​ការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​អង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ កាណាដា អាមេរិក និង​អៀរឡង់​។ ស្ថាប័ន IDP មាន​ជាង ១០០ ការិយាល័យ​ជុំវិញ​ពិភពលោក និង​នៅ​អង់គ្លេស​ផ្ទាល់​ផងដែរ​។​

​កម្មវិធី​ពិព័រណ៍​ការសិក្សា ​និង​អាហារូបករណ៍​នៅ​ប្រទេស​អង់គ្លេស ​គឺជា​វេទិកា​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ ដែល​បង្ហាញ​នៅ​ឱកាស​សិក្សា លំដាប់ថ្នាក់​ពិភពលោក នៅ​អង់គ្លេស​។​

លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ «​ដូច​អ្វីដែល​យើង​បានដឹង​រួចមកហើយ ប្រព័ន្ធ​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​ផ្តល់​ឲ្យ​​សិស្ស និស្សិត​នូវ​ស្តង់ដារ​ការ​អប់រំ​លំដាប់​ពិភពលោក​នូវ​គ្រប់​កម្រិតសិក្សា និង​ត្រូវបានគេទទួលស្គាល់​ជា​សកលលោក​ទៀត​ផង​។ កំណើន​សិស្ស និស្សិត ​ក៏ដូចជា​អាណាព្យាបាល​កាន់តែ​ច្រើនឡើង​បាន​ដឹង និង​ស្វែងយល់​ពី​ហេតុផល​នេះ ហើយក៏​បាន​ធ្វើ​ការសម្រេច​ចិត្ត​ជ្រើសរើស​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​ជាច្រើន​ទៀត​ផង​។ សិស្ស និស្សិត​ ដែល​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស ហើយ​តែងតែ​ត្រលប់​មក​កម្ពុជា​វិញ​ ជាមួយ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ប្រទេស និង​ចំណេះដឹង​ ដែល​មាន​គុណភាព​ល្អ​ប្រសើ​រ​»​។​

លោក​បាន​បន្តថា​ ស្ថាប័ន​អប់រំ​ច្រើនជាង​១៥ មកពី​ប្រទេស​អង់គ្លេស​បាន​មាន​វត្ត​មាននៅ​កម្មវិធី​ពិព័រណ៍ និង​សិស្ស និស្សិត និង​អាណាព្យាបាល​បាន​មកជួប​ប្រឹក្សា​ជាមួយនឹង​អ្នកតំណាង​ដែល​មកពី​ស្ថាប័ន​ទាំងអស់ និង​ទទួលយក​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថ្នាក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់​ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​ហើយ​ការចូលរួម​ពិព័រណ៍​នេះ និង​ការ​ផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវឲ្យ​បង់​ប្រាក់​ទេ​។
​លោកស្រី Tina Redshaw អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ​«​ការ​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ​មិន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​និស្សិត​ទទួល​បាន​នៅ​ការអប់រំ​តាម​បែប​ទំនើប និង​ទាន់សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្តល់​ឲ្យ​និស្សិត​នូវ​ឱកាស​ការងារ​ល្អៗ ដោយសារតែ​សញ្ញាប័ត្រ និង​គុណភាព​សិក្សា​នៅ​អង់គ្លេស​ ត្រូវបាន​ទទួល​ស្គាល់​ទូទាំង​សកលលោក​ទៀតផង​។

សម្រាប់​សិស្ស និស្សិត និង​ឪពុក​ម្តាយ​ដែល​អញ្ជើញ​មក​នៅថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា ​កម្មវិធី​ពិព័រណ៍​ការ​សិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស​នា​ថ្ងៃនេះ ផ្តល់នៅ​បទពិសោធន៍​ល្អៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ទាំងអស់ ងាយ​ស្រូល​ក្នុងការ​សម្រេចចិត្ត​ទៅ​បន្ត​ការសិក្សា​នៅ​អង់គ្លេស​»​។​

​ដោយឡែក មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (ACE) ក៏​មានបាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ និង​បាន​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ អង់គ្លេស​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀម​ប្រលង IELTS​។ ស្របគ្នា​នេះដែរ មជ្ឈ​មណ្ឌល​តេស្ត IELTS ប្រចាំ​កម្ពុជា បានធ្វើ​ការបើក​ដំណើរការ និង​កាត់​ខ្សែបូ​ស្វាគមន៍​ក្នុង​ការ​បើក​ដំណើរការ​បន្ទប់ CDI Lab ជា​លើកដំបូង​ផងដែរ​។​

ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះដែរ សាធារណជន ​អាច​ធ្វើ​ការ​ជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ប្រព័ន្ធ​តេស្ត IELTS CDI នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​ នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើ​ឲ្យ​​តម្រូវការ​តេស្ត IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​។

ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តី​រំភើប​រីក​រាយ​ដែល​អាច​ផ្តល់​បទពិសោធន៍​ថ្មី​នេះ​ ដល់​សាធារណជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែលជា​បេក្ខជន​ធ្វើតេស្ត​សម្រាប់​ការសិក្សា ការងារ និង​ការ​ចំណាក​ស្រុក​ជាដើម​៕


 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu