Ad Code

ការ​ដាច់​ចរន្តអគ្គិសនី​ដ៏​ធំ​ បាន​វាយប្រហារ​ប្រទេស​ប៉ា​ណា​ម៉ា​ មុន​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​



ការ​ដាច់​ភ្លើង​ដ៏​ធំ​មួយ​បាន​វាយប្រហារ​ប្រទេស​ប៉ា​ណា​ម៉ា​កាលពី​ថ្ងៃអាទិត្យ​, ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការមកដល់​របស់​សម្តេច​ប៉ាប Francis ដែលជា​ហេតុ​បណ្តាល​ឲ្យ​ភ្លើង​ចរាចរណ៍​មិនអាច​ដំណើរការបាន អាជីវកម្ម​ស្ថិតនៅក្នុង​ភាព​ងងឹត​និង​ស្ថានីយ​ប្រេងឥន្ធនៈ​មិនអាច​បូម​ប្រេង​បាន​អស់​រយៈពេល​៦​ម៉ោង​។​

សម្តេច​ប៉ាប​នឹងត្រូវ​ទៅដល់​ប្រទេស​ប៉ា​ណា​ម៉ា​នៅ​ថ្ងៃ​ពុធ​ដើម្បី​ចូលរួម​ទិវា​យុវជន​ពិភពលោក​ដែលជា​ព្រឹត្តិការណ៍​មួយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​អ្នក​កាន់សាសនា​កាតូលិក​វ័យក្មេង​ប្រមាណ​២០០,០០០​នាក់​មកពី​ទូទាំង​ពិភពលោក​។​

ក្រុមហ៊ុន​អគ្គិសនី ETESA របស់​ប្រទេស​ប៉ា​ណា​ម៉ា​បាន​និយាយថា សេវាកម្ម​ភាគច្រើន​សម្រាប់​ប្រទេស​នេះ​ត្រូវបាន​បិទ​ដោយ​ចាប់ផ្តើម​ពី​ម៉ោង​១១:៤២​នាទី​ព្រឹក​ថ្ងៃអាទិត្យ​តទៅ​។​

ក្រុមហ៊ុន ETESA បាន​លើកឡើងថា ខ្លួន​បានកំណត់​ទីតាំង​នៃ​បញ្ហា​នេះ​ប៉ុន្តែ​មិនបាន​និយាយថា​អ្វីដែល​បណ្តាល​ឲ្យ​ដាច់​ភ្លើង​នោះទេ​។​

រយៈពេល​ប្រហែល​៦​ម៉ោង​ក្រោយមក លោក​ប្រធានាធិបតី Juan Carlos Varela បានប្រកាស​តាម Twitter ថា “​មានការ​ស្តារឡើងវិញ​ពេញលេញ​នៃ​បណ្តាញ​អគ្គិសនី​ជាតិ​បន្ទាប់ពី​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ក្រុមហ៊ុន ETESA”​។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ផ្នែក​ខ្លះ​នៃ​ប្រទេសជិតខាង​ដូចជា​កូ​ស្តា​រី​កា​និង​នី​កា​រ៉ា​ហ្គ័​រ​ក៏​រង​ផលប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើង​ផងដែរ​។​
​លោក Varela បាន​និយាយថា ការ​ដាច់​ភ្លើង​នេះ​មិន​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​ទេ​។​

ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​របស់​ទីក្រុង​ប៉ា​ណា​ម៉ា​ត្រូវ​បិទ​ទាំងស្រុង​ក្នុងអំឡុងពេល​ដាច់​ភ្លើង​នេះ​។​
​សម្តេច​ប៉ាប Francis គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​ណា​ម៉ា​ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃអាទិត្យ​ទី​២៧​ខែមករា​សម្រាប់​ទិវា​យុវជន​ពិភពលោក​ដ៏​ធំ​សម្បើម​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​អ្នកមាន​ជំនឿ​មកពី​១៥០​ប្រទេស​។​

វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ជា​លើក​ទី​២៦​ដោយ​សម្តេច​ប៉ាប​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​រូបនេះ​ចាប់តាំងពី​លោក​ត្រូវបាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​សាសនា​កាតូលិក​នៅ​ដើមឆ្នាំ​២០១៣​ហើយ​នេះ​ជា​លើកដំបូង​របស់លោក​ទៅ​ប្រទេស​ប៉ា​ណា​ម៉ា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu