ភ្នំពេញ ៖ គ្រឹះស្ថានរោងចក្រសហគ្រាសនានាបានចាប់ផ្តើមអនុវត្តការបើកប្រាក់ខែដល់កម្មករនិយោជិតពីរដងក្នុង១ខែ ដែលស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលហើយដើម្បីជួយសម្រួលក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការចំណាយប្រចាំថ្ងៃ របស់បងប្អូនកម្មករនិយោជិតកាន់តែប្រសើរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី១៦មករាបានឲ្យដឹងថាគិតត្រឹមរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានពិនិត្យឃើញថា មានរោងចក្រសហគ្រាសចំនួន៨១%បាននឹងកំពុងអនុវត្តការបើកប្រាក់ខែពីរដងក្នុង១ខែជូនដល់កម្មករនិយោជិតគ្រាន់តែការបើកខុសថ្ងៃគ្នាទៅតាមរោងចក្រនីមួយៗប៉ុណ្ណោះ។
តាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្នុងចំណោមរោងចក្រសហគ្រាស៨១%នោះមានរោងចក្ររោងចក្រផ្នែកវាយនភ័ណ្ឌ កាត់ដេរនិងផលិតស្បែកជើងចំនួន៥០%អនុវត្តការបើកប្រាក់ឈ្នួលលើកទី១ចន្លោះពីថ្ងៃទី១៦ដល់ថ្ងៃទី១៩នៃខែមករានិងបើកលើកទី២ចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី៧នៃខែបន្ទាប់។
ចំណែករោងចក្រ២៥%ទៀត អនុវត្តការបើកប្រាក់ឈ្នួលលើកទី១ចាប់ពីថ្ងៃទី១៦ខែមករានិងលើកទី២ថ្ងៃទី១នៃខែបន្ទាប់ ខណៈរោងចក្រ២៥%ទៀតនឹងអនុវត្តការបើកប្រាក់ឈ្នួលលើកទី១នៅថ្ងៃទី២៥ខែមករានិងលើកទី២នៅថ្ងៃទី១០នៃខែបន្ទាប់។
សេចក្តីប្រកាសព័ត៌មានក្រសួងការងារខាងលើ បានបញ្ជាក់ថា ក្នុងករណីរោងចក្រសហគ្រាសណាមិនអនុវត្តក្នុងការបើកប្រាក់ឈ្នួលពីរដងក្នុង១ខែនោះក្រសួងនឹងធ្វើការផាកពិន័យទៅតាមច្បាប់ស្តីពីការងារ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថាសមាជិករបស់សមាគមដែលមានផ្នែករោងចក្រកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរសរុបប្រមាណជិត៦០០រោងចក្រក្នុងចំណោមរោងចក្រសហគ្រាសជាង១ពាន់នៅទូទាំងប្រទេសបាននឹងកំពុងអនុវត្តការបើកប្រាក់ខែពីរដងក្នុង១ខែជួនដល់កម្មករនិយោជិតហើយ។
លោកស្រី លី ផល្លា ប្រធានផ្នែករដ្ឋបាលរោងចក្រមួយនៅខេត្តតាកែវបានឲ្យដឹងថា រោងចក្រលោកស្រីនឹងបើកប្រាក់ឈ្នួលលើកទី១ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦មករា និងលើកទី២បើកនៅថ្ងៃទី១០ខែកុម្ភៈ បន្ទាប់ពីមានការឯកភាពពីកម្មករនិយោជិត។
កញ្ញា ចាន់ឌី កម្មកររោងចក្រនៅម្តុំផ្សារព្រៃទាបាននិយាយថា រោងចក្រកញ្ញានឹងបើកប្រាក់ឈ្នួលលើកទី១ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ខែមករានេះចំនួន១០០ដុល្លារក្នុងម្នាក់ និង លើកទី២បើកនៅថ្ងៃទី១០ខែកុម្ភៈបើកសរុបតែម្តងទាំងប្រាក់ខែដែលនៅសល់និងប្រាក់ថែមម៉ោង។
ចំណែក អ្នកស្រី សំអូន តូន ធ្វើការនៅរោងចក្រកាត់ដេរលីមឡាញអ៊ីនធើណេណេសិនណល ដែលមានទីតាំងស្ថិតនៅទួលសង្កែបានមានប្រសាសន៍ថា ការបើកប្រាក់ខែពីរដងក្នុង១ខែនេះជាការល្អសម្រាប់ខ្ញុំក៏ដូចជាកម្មករនិយោជិតផ្សេងៗទៀតព្រោះនឹងជួយសម្រួលដល់កម្មករក្នុងការចាយវាយប្រចាំថ្ងៃដោយមិនលំបាកក្នុងការទៅខ្ចីលុយគេនៅពាក់កណ្តាលខែ។
អ្នកស្រីបានបន្តថា «រោងចក្រខ្ញុំបើកលើកទី១នៅថ្ងៃទី២៥ខែមករានិងលើកទី២ថ្ងៃទី៧ខែកុម្ភៈដែលអាចជួយឲ្យកម្មករនិយោជិតមានលុយចាយគ្រប់គ្រាន់រហូតដល់ដាច់ខែ។
គួរបញ្ជាក់ថា ការបើកប្រាក់ឈ្នួលពីរដងក្នុង១ខែនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨កន្លងទៅនេះដោយតម្រូវឲ្យគ្រប់រោងចក្រសហគ្រាសទាំងឡាយស្ថិតនៅក្រោមច្បាប់ត្រូវបើកប្រាក់ឈ្នួលពីរដងក្នុង១ខែដោយចាប់ផ្តើមអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩នេះតទៅ៕
Source: Kampuchea Thmey Daily
0 Comments