Ad Code

មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន​ម្នាក់ និង​ម្នាក់ទៀត រង​របួស ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​



​ប៉ៃលិន ​៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ក្នុងស្ថានភាព​បញ្ច្រាស​ទិស បណ្តាល​ឲ្យ​ទាហាន​ម្នាក់ ដែល​គេ​ស្គាល់​ថា​ ជា​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន រង​របួស​ធ្ងន់ធ្ងរ រហូត​ដឹក​បន្ត​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ភ្លាមៗ ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត ​រងរបួស​ស្រាល។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩និង​១៥​នាទី​យប់ ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​កត្តា​មនុស្ស​បើកបរ​ខ្វះ​ការ​ប្រយ័ត្ន ក្នុង​ស្ថានភាព​យប់​ងងឹត។

​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា​ ភាគី​ម្ចាស់​ម៉ូតូ ​ទី​១​-ឈ្មោះ សរ ឯក​សារិទ្ធ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន រង​របួស​ធ្ងន់ ដោយ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1M-8982 ជិះ​តែម្នាក់ឯង ទិសដៅ​ពី​លិច​ទៅ​កើត។ ​ចំណែក​ភាគី​ម្ចាស់​ម៉ូតូ​ទី​២-​ឈ្មោះ រ៉េត រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាជាង​សំណង់ រងរបួស​ស្រាល ស្នាក់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-1754 ជិះ​តែម្នាក់ឯង ​ទិសដៅ​ពី​កើ​តទៅ​លិច។

​ប្រភពព័ត៌មាន បាន​បន្តទៀតថា​ ចំពោះ​ករណី​នេះដែរ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត/​ក្រុង មិនទាន់​កំណត់​មុខសញ្ញា​ម្ចាស់​ម៉ូតូ​មួយ​ណា​ខុស​ ឬ​ត្រូវ បាន​នៅឡើយ​ទេ រង់ចាំ​ការ​ចុះវាស់វែង​នៅ​ពេល​ព្រឹកស្អែក​បន្ត​ទៀត ចំណែក​ភាគី​ម្ចាស់​ម៉ូតូ ដែល​រង​របួស​ទាំងអស់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

បច្ចុប្បន្ន​ ម៉ូតូ​ទាំងពីរ​គ្រឿង ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត​ប៉ៃ​លិន ដឹក​ទៅកាន់​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu