កំពត ៖ នៅរសៀលថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរោងចក្រពូចិន ស្ថិតក្នុងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពត។
កិច្ចប្រជុំនេះ ក៏មានសមាសភាពអញ្ជើញចូលរួមមាន គណៈអភិបាលខេត្ត នាយក នាយករងសាលាខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះ ប្រធាន អនុប្រធាន ការិយាល័យចំណុះសាលាខេត្ត សរុបចំនួន៩៣រូប។
ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏បានផ្តោតលើការងារសំខាន់ៗ ក្នុងការបែងចែកដើម្បីរៀបចំទទួលបដិសណ្ឋារកិច្ចជូនដល់ប្រមុខដឹកនាំប្រទេស គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាល ដែលនឹងអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅរោងចក្រពូចិន ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments