មេដឹកនាំរុស្ស៊ីនិងជប៉ុនបានជួបគ្នាក្នុងទីក្រុងមូស្គូនៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីខ្សែសង្វាក់កោះមានជម្លោះដែលបានរារាំងដល់សន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមលោកលើកទី២។ ប៉ុន្តែវោហាសាស្ត្រនាពេលថ្មីៗនេះបានធ្វើឲ្យក្តីសង្ឃឹមនៃការបំបែកភាពទាល់ច្រកមួយត្រូវថយចុះ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ គឺជាលើកទី២៥ហើយដែលលោកនិងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជួបគ្នាចាប់តាំងពីឆ្នាំ២០១៣មកហើយវាជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរក្នុងការបង្កើតកិច្ចសហប្រតិបត្តិការបើទោះបីជាពួកគេមិនយល់ស្របគ្នាលើប្រជុំកោះ Kuril ក៏ដោយ។
កងទ័ពសូវៀតបានរឹបអូសយកកោះចំនួនបួននៅចន្លោះសមុទ្រ Okhotsk និងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី២។
ការបដិសេធរបស់ក្រុងតូក្យូចំពោះការទទួលស្គាល់អធិបតេយ្យភាពរបស់ក្រុងមូស្គូបានរារាំងដល់សន្តិភាពអស់រយៈពេលជាង៧ទសវត្សរ៍មកហើយ។
ថ្វីបើមានភាពរីកចម្រើនផ្នែកការទូតចាប់តាំងពីខែវិច្ឆិកានៅពេលដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើនកិច្ចចរចាសន្តិភាពក៏ដោយ ប៉ុន្តែសេចក្តីថ្លែងការណ៍ថ្មីៗពីប្រទេសទាំងពីរបានបង្ហាញថា ការសម្រុះសម្រួលមួយនៅតែស្ថិតក្នុងមន្ទិលសង្ស័យ។
ក្រុងមូស្គូបានឆ្លើយតបទាំងខឹងសម្បាចំពោះសារលិខិតឆ្នាំថ្មីរបស់លោកអាបេដែលក្នុងនោះលោកបាននិយាយថា ជនជាតិរុស្ស៊ីដែលកំពុងរស់នៅលើកោះទាំងនោះគួរតែត្រូវបានគេជួយដើម្បីទទួលស្គាល់ថា “អធិបតេយ្យភាពផ្ទះរបស់ពួកគេនឹងផ្លាស់ប្តូរ”។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ជប៉ុនត្រូវតែបញ្ឈប់ការនិយាយសំដៅទៅប្រជុំកោះនោះថាជា “Northern Territories” នៅក្នុងច្បាប់។ លោកក៏បានរៀបរាប់ពីសម្ព័ន្ធភាពយោធារបស់ទីក្រុងតូក្យូជាមួយក្រុងវ៉ាស៊ីនតោនថាជាបញ្ហាផងដែរ។
លោក Lavrov បាននិយាយថា ដើម្បីឲ្យកិច្ចពិភាក្សានេះដំណើរការទៅមុខ ទីក្រុងតូក្យូចាំបាច់ត្រូវតែទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើប្រជុំកោះ Kuril។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូរបស់លោកអាបេគឺជាជើងទីមួយនៃការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដែលក៏នឹងរួមបញ្ចូលទាំងសុន្ទរកថាមួយនៅវេទិកា Davos ក្នុងប្រទេសស្វីសនៅថ្ងៃពុធផងដែរ។
មុនពេលចាកចេញ លោកបានទទួលស្គាល់ថា “ការចរចាជាមួយរុស្ស៊ីគឺជាបញ្ហាប្រឈមអស់រយៈពេលជាង៧០ឆ្នាំមកហើយ និងសង្ឃឹមថា នឹងមានការពិភាក្សាគ្នាដោយស្មោះត្រង់ជាមួយលោកពូទីន៕ AFP
Source: Kampuchea Thmey Daily
0 Comments