ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ដែលវាយយុវសិស្សម្នាក់ ឲ្យរងរបួសធ្ងន់ ត្រូវបាន លោក លាង សំណាត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២០១៨ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមដដែល ក៏បានបង្គាប់ឲ្យជនជាប់ចោទសងសំណងដល់ជនរងគ្រោះ ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ចំនួនមួយម៉ឺនដុល្លារ។
ជនជាប់ចោទ ឈ្មោះ សុន ពិសាល ឋានន្តរសក្ដិព្រឹន្ទបាលឯក នាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ជននេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
គួររំលឹកថា មន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុមមានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្ត្រីនគរបាលជាតិ និងខ្លះស៊ីវិល បានចាប់យុវជនម្នាក់ដាក់ខ្នោះ និងវាយដំ រួចចាប់អូសឡើងលើម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនរងគ្រោះមានស្នាមរងរបួសធ្ងន់ ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ។
ក្រោយមកក្រុមគ្រួសារជនរងគ្រោះបានប្ដឹងពីករណីនេះ ទើបសមត្ថកិច្ចបានស្រាវជ្រាវរកឃើញជនដៃដល់ ហើយបានចាប់ខ្លួនបញ្ជូនមកតុលាការសម្រេចតាមច្បាប់។
ក្នុងសវនាការ ជនជាប់ចោទបានសារភាពពីទង្វើអគតិរបស់ខ្លួន ទើបតុលាការបានសម្រេចផ្ដន្ទាទោស ប៉ុន្តែការអនុវត្តទណ្ឌកម្មរបស់ចៅក្រម លាង សំណាត់ អំពីបទ ហិង្សាមានស្ថានទម្ងន់ទោសដោយឲ្យជាប់ពន្ធនាគារត្រឹមមួយឆ្នាំហាក់ដូចជា យល់ចិត្តជនជាប់ចោទស៊ីជម្រៅពេកហើយ៕
Source: Kampuchea Thmey Daily
0 Comments