របាយការណ៍មួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា មូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានប្រតិបត្តិការមីស៊ីលផ្លោងដែលមិនបានប្រកាសចំនួន២០ក្នុងប្រទេសកូរ៉េខាងជើងគឺបានបម្រើការជាទីស្នាក់ការកណ្តាលមីស៊ីល។
របាយការណ៍ដែលសហការជាមួយអ្នកវិភាគ Victor Cha បាននិយាយថា “មូលដ្ឋានប្រតិបត្តិការមីស៊ីល Sino-ri និងមីស៊ីល Nodong ដែលដាក់ពង្រាយនៅទីតាំងនេះគឺសមស្របនឹងយុទ្ធសាស្ត្រយោធានុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយផ្តល់នូវសមត្ថភាពនុយក្លេអ៊ែរប្រតិបត្ដិការឬការវាយប្រហារសាមញ្ញដំបូងគេ”។
ការរកឃើញទីស្នាក់ការកណ្តាលមីស៊ីលដែលមិនបានប្រកាសនេះបានកើតឡើងបីថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលមួយទៀតដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែកុម្ភៈ។
លោក គីម បានប្ដេជ្ញាថានឹងធ្វើការឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយនឹងលោក ត្រាំ កាលពីខែមិថុនាប៉ុន្តែចាប់តាំងពីពេលនោះមកមានការជឿនលឿនតិចតួចប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ។
CSIS ដែលបានរាយការណ៍ចុងក្រោយបំផុតអំពីមូលដ្ឋានមីស៊ីលចំនួន២០កាលពីខែវិច្ឆិកាបាននិយាយថា មូលដ្ឋាន Sino-ri មិនដែលត្រូវបានប្រកាសដោយកូរ៉េខាងជើងទេហើយជាលទ្ធផល វាហាក់ដូចជាមិនមែនជាប្រធានបទនៃការចរចានុយក្លេអ៊ែរនោះទេ។
របាយការណ៍នេះបាននិយាយថា មូលដ្ឋានប្រតិបត្តិការមីស៊ីលនេះអាចនឹងក្លាយជាប្រធានបទនៃការប្រកាស ការផ្ទៀងផ្ទាត់និងការរុះរើនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយ។
លោក Cha បាននិយាយថា “កូរ៉េខាងជើងនឹងមិនចរចាអំពីអ្វីដែលពួកគេមិនបានបង្ហាញទេ។ វាមើលទៅដូចជា ពួកគេកំពុងលេងល្បែងហើយពួកគេនៅតែមានសមត្ថភាពប្រតិបត្តិការទាំងអស់នេះបើទោះបីជាពួកគេបានបំផ្លាញទីតាំងនុយក្លេអ៊ែរដែលពួកគេបានប្រកាសក៏ដោយ”។
ដោយមានទីតាំងស្ថិតនៅ២១២គីឡូម៉ែត្រភាគខាងជើងនៃតំបន់គ្មានយោធា, មូលដ្ឋាន Sino-ri គឺជាមូលដ្ឋានទំហំ៧គីឡូម៉ែត្រការ៉េដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមីស៊ីលផ្លោងដែលអាចបាញ់ទៅដល់ប្រទេសកូរ៉េខាងត្បូង ជប៉ុននិងសូម្បីតែទឹកដី Guam របស់អាមេរិក៕ REUTERS
Source: Kampuchea Thmey Daily
0 Comments