ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យលោកសាស្ត្រាចារ្យអាមេរិក ជួយផ្តល់បទពិសោធន៍ទាក់ទិននឹងការដោះស្រាយវិវាទការងារដល់មន្ត្រីអធិការកិច្ចក្រសួង ដើម្បីយកទៅដោះស្រាយវិវាទការងារនៅកន្លែងធ្វើការនៅតាមរោងចក្រសហគ្រាសនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការស្នើរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខណៈដែលលោកបានអនុញ្ញាតឲ្យ លោក Richar d D. Fincher (រីឆាត ឌី ហ្វីនឆើ) ដែលជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យខននែលបុរីញូយ៉ក សហរដ្ឋអាមេរិក ជាសន្ធានការី និងអាជ្ញាកណ្ដាល រួមជាមួយគណៈប្រតិភូរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ។
លោកបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមក កម្ពុជា ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារជាច្រើនជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយដែលបានផ្សារភ្ជាប់ខ្លួនទៅនឹងបទដ្ឋានអន្តរជាតិ ដែលក្នុងនោះកម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអង្គការអន្តរជាតិខាងការងារបានចំនួន១៣ ដែលមានអនុសញ្ញាស្នូរ៨ផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់ណាស់ក្នុងការធានានូវការអនុវត្តលក្ខខណ្ឌការងារល្អ ព្រោះថាកម្ពុជាជាប្រទេសទី១ ដែលហ៊ានផ្សារភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណើន នៃឧស្សាហកម្ម ធ្វើឲ្យមានការកើនឡើងនូវអង្គការវិជ្ជាជីវៈជាច្រើន ដែលនេះធ្វើឲ្យមានការបង្កើតឡើងនូវក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាយន្តការសម្របសម្រួលត្រីភាគីរួមមាន ភាគីរដ្ឋាភិបាល សហជីព និងនិយោជក ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមក មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក៏បានចូលរួមការងារគ្នាជាច្រើនជាមួយក្រសួង ក្នុងដោះស្រាយបញ្ហានានា នៅក្នុងវិស័យការងារ ហើយតាមរយៈអនុស្សរណៈ យោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងទៅ នឹងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែប្រសើរថែមទៀត។
លោកបណ្ឌិត អ៊ិត សំហេង បានឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះ នៅតែបន្តយន្តការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងការដោះស្រាយវិវាទការងារ។ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នេះ ក៏មានបញ្ហាប្រឈមផងដែរ គឺយន្តការត្រីភាគីនេះ កំពុងតែខិតខំរកមធ្យោបាយ ក្នុងការធានានូវនិរន្តភាពរបស់ខ្លួន ជាពិសេសនិរន្តភាពផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តដំណើរការងារតទៅមុខ ដោយកំពុងសិក្សាធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះ អាចមានជម្រើសក្នុងការធានា តាមរយៈការដាក់ចូលក្នុងប្រព័ន្ធជាតិ មានជំនួយមូលនិធិពីរាជរដ្ឋាភិបាល ឬការលើកទឹកចិត្តឲ្យសមគមនិយោជក និងដៃគូពាក់ព័ន្ធចូលរួមផ្តល់មូលនិធិ ដើម្បីធានាឲ្យបាននូវឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
លោកសាស្ត្រាចារ្យ រីឆាត ឌី ហ្វីនឆើ បានលើក ពីបទពិសោធន៍ការងាររបស់លោកនៅអាស៊ី ដែលលោកបានផ្តោតការយកចិត្តទុកដាក់ និងបង្រៀននៅតាមមហាវិទ្យាល័យដូចជា នៅវៀតណាម ចិន និងមីយ៉ាន់ម៉ា លើការបណ្ដុះបណ្ដាលជំនាញប្រព័ន្ធដោះស្រាយលើវិវាទការងារ។
លោកសាស្ត្រាចារ្យបានទទួលស្គាល់ថា មិនថាប្រទេសណាទេ ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្ដាល តែងមានបញ្ហាប្រឈមក្នុងការរក្សានិរន្តភាព ដែលប្រទេសខ្លះមានជំនួយមូលនិធិពីតែភាគីរដ្ឋាភិបាល និងប្រទេសខ្លះទៀតពីខាងភាគីនិយោជក និងខាងសហជីព។
ទាក់ទិននឹងសំណើរបស់លោករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យបានសំដែងនូវក្តីរីករាយ ក្នុងការត្រៀមខ្លួនជួយបណ្ដុះបណ្ដាលលើមន្ត្រីពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទការងារនៅពេលដែលក្រសួងបានបង្កើតវិទ្យាស្ថានជាតិការងារនាពេលខាងមុខឆាប់ៗ៕
Source: Kampuchea Thmey Daily
0 Comments