ក្រុមមន្ត្រីទីក្រុងដាកាបាននិយាយកាលពីថ្ងៃចន្ទថា ជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន៣១នាក់ដែលក្នុងនោះមានកុមារ១៧នាក់នៅតែជាប់លើព្រំដែនឥណ្ឌានិងបង់ក្លាដែសបន្ទាប់ពីរយៈពេលបីថ្ងៃខណៈដែលភាគីទាំងពីរបានបដិសេធទទួលយកពួកគេ។
ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាចំនួន១,៣០០នាក់បានឆ្លងដែនពីប្រទេសឥណ្ឌាចូលប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះខណៈពេលដែលភាពភ័យខ្លាចនៃការនិរទេសទៅកាន់ប្រទេសមីយ៉ាន់ម៉ាបានបង្កឲ្យមានការរត់គេចខ្លួន។
ក្រុមចុងក្រោយបង្អស់បានឆ្លងកាត់របងលួសបន្លាតាមបណ្ដោយព្រំដែនឥណ្ឌាប៉ុន្ដែឆ្មាំព្រំដែនបង់ក្លាដែសបានរារាំងពួកគេមិនឲ្យចូលទឹកដីរបស់ពួកគេ។
លោក Mannan Jahangir មន្ត្រីរដ្ឋាភិបាលក្នុងតំបន់នៅទីប្រជុំជន Kasba នៃព្រំដែនបង់ក្លាដែសបានប្រាប់ AFP ថា “ឥឡូវនេះ ពួកគេកំពុងរស់នៅក្នុងតង់ចំនួនពីរដែលត្រូវបានផ្តល់ឲ្យដោយកងកម្លាំងព្រំដែនឥណ្ឌានៅតាមបន្ទាត់សូន្យរបស់ព្រំដែន”។
ទន្ទឹមនោះ លោកវរសេនីយ៍ទោ Golam Kabir ដែលជាមេបញ្ជាការឆ្មាំព្រំដែនបង់ក្លាដែសបាននិយាយថាក្រុមនេះបានមកដល់ព្រំដែនមុនគេពីរដ្ឋ Jammu និង Kashmir កាលពីថ្ងៃ១៨ខែមករា។
មន្ត្រីជាន់ខ្ពស់មកពីភាគីទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យដោយទីក្រុងដាកាបានទទូចថា ក្រុងញូវដេលីត្រូវតែទទួលយកជនភៀសខ្លួនណាដែលមានប័ណ្ណសុខភាពរបស់ប្រទេសឥណ្ឌានិងឯកសារនានាដែលចេញដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។
ក្រុងញូវដេលីបានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាចំពោះការរុញច្រានសមាជិកនៃក្រុមជនជាតិភាគតិចដែលរងការធ្វើទុក្ខបុកម្នេញនេះទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយរាប់បញ្ចូលទាំងពីអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សផងដែរ។
ប្រទេសឥណ្ឌាដែលមិនមែនជាហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនោះគឺបានចាប់ខ្លួនជនជាតិរ៉ូហ៊ីងយ៉ាចំនួន២៣០នាក់នៅក្នុងឆ្នាំ២០១៨។
ប្រទេសបង់ក្លាដែសបានទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល១លាននាក់រួចទៅហើយក្នុងជំរំដ៏ធំមួយនៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ាដែលក្នុងនោះមានបីភាគបួនបានភៀសខ្លួនចេញពីការបង្ក្រាបរបស់មីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំ២០១៧៕ AFP
Source: Kampuchea Thmey Daily
0 Comments